សហរដ្ឋអាមេរិកបដិសេធមិនផ្តល់សច្ចាប័នទៅលើ CTBT ដោយដាក់ មូលដ្ឋានសម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ

AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០​ — ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងឱកាសខួបលើកទី២០ នៃការផ្តល់សច្ចាប័នទៅលើសន្ធិសញ្ញាដោយទីក្រុងមូស្គូថា សហរដ្ឋអាមេរិកដែលបានប្រកាន់ខ្ជាប់នូវជំហរបំផ្លិចបំផ្លាញមួយអំពីសន្ធិសញ្ញាហាមឃាត់ការសាកល្បងអាវុធនុយក្លេអ៊ែរទូលំទូលាយ (CTBT) ដោយកំពុងដាក់មូលដ្ឋានសម្រាប់សក្តានុពលនៃការសាកល្បងនុយក្លេអ៊ែរឡើងវិញ។

ឯកសារនេះនៅមិនទាន់ចូលជាធរមាននៅឡើយទេ ដោយសារប្រទេសចំនួន៨មិនបានចុះ ហត្ថលេខា ឬមិនបានផ្តល់សច្ចាប័នទៅលើសន្ធិសញ្ញានេះ។ ក្រសួងការបរទេសរុស្ស៊ីបានគូសបញ្ជាក់ថា «សហរដ្ឋអាមេរិកមានជំហរបំផ្លិចបំផ្លាញបំផុតនៅក្នុងបញ្ហានេះ ដោយប្រកាសជាផ្លូវការថា ខ្លួនមិនមានគម្រោងផ្តល់សច្ចាប័នទៅលើសន្ធិសញ្ញា CTBT ទេ ដោយដាក់មូលដ្ឋានសម្រាប់ការសាកល្បងនុយក្លេអ៊ែរឡើងវិញ»។

ទីក្រុងមូស្គូបានអំពាវនាវដល់រដ្ឋនានាដែលមិនបានផ្តល់សច្ចាប័ន ឬចុះហត្ថលេខាទៅលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងអាវុធនុយក្លេអ៊ែរទូលំទូលាយ ដើម្បីពិចារណាឡើងវិញនូវជំហររបស់ខ្លួន។ សេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា «របបមិនរីកសាយអាវុធ និងការគ្រប់គ្រងអាវុធ កំពុងប្រឈមមុខនឹងបញ្ហាប្រឈមធ្ងន់ធ្ងរ។ យើងត្រូវធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីជម្នះនិន្នាការអវិជ្ជមាននេះ។ ប្រទេសរុស្ស៊ីកំពុងអំពាវនាវដល់រដ្ឋចំនួន៨ ដែលបានលើកឡើងខាងលើ ហើយរដ្ឋដែលសំខាន់បំផុត គឺសហរដ្ឋអាមេរិក ឱ្យធ្វើការពិចារណាឡើងវិញនូវគោលជំហររបស់ខ្លួន និងដើម្បីផ្តល់សច្ចាប័នទៅលើសន្ធិសញ្ញាដ៏សំខាន់មួយនេះក្នុងវិស័យសន្តិសុខពិភពលោក ដែលនឹងធ្វើឱ្យវាក្លាយជាឧបករណ៍ច្បាប់អន្តរជាតិដែលមានមុខងារពេញលេញ»។

ក្រសួងការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា ការចូលជាធរមានរបស់ CTBT អាចបង្កើតជាខែលប្រឆាំងនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងរារាំងការរីកសាយអាវុធនេះ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)