ជំនួបកំពូលរវាងលោក ត្រាំ និងលោក​ គីម មិនទំនងនឹងកើតឡើង មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនោះទេ

AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០​ — ប្រេសិតកំពូលរបស់សហរដ្ឋអាមេរិកសម្រាប់កូរ៉េខាងជើងបាននិយាយថា ជំនួបកំពូលមួយទៀតរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងជាមិនមានទេមុនពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងខែវិច្ឆិកាខាងមុខនេះ។

លោក Stephen Biegun អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក និងជាអ្នកដឹកនាំកិច្ចចរចាអំពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានធ្វើអត្ថាធិប្បាយដូចនេះក្នុងវេទិកានិម្មិតមួយដែលរៀបចំឡើងដោយមូលនិធិ German Marshall របស់សហរដ្ឋអាមេរិក ដែលជាទីបញ្ជាការមួយមានទីស្នាក់ការនៅទីក្រុង វ៉ាស៊ីនតោន។

លោកបានឆ្លើយតបទៅនឹងសំណួរអំពីលទ្ធភាពនៃការជួបគ្នារវាងលោក ត្រាំ និងលោក គីម ថា«ខ្ញុំគិតថា វាប្រហែលជាមិនទំនងនឹងកើតមានទេនៅពេលនេះ និងនៅពេលនៃការបោះឆ្នោតរបស់សហរដ្ឋអាមេរិក»។

លោកបាននិយាយថា «នៅក្នុងពេលវេលាដែលនៅសល់ និងបញ្ហានៃជំងឺកូវីដ-១៩ ដែលកំពុងគ្របដណ្តប់លើពិភពលោកទាំងមូលនេះ វាជាការពិបាកក្នុងការសញ្ជឹងគិតអំពីកាលៈទេសៈដែលយើងអាចធ្វើកិច្ចប្រជុំកំពូលអន្តរជាតិនេះដោយផ្ទាល់បាន ប៉ុន្តែពិតជាមានការចូលរួមរវាងភាគីទាំងពីរ ហើយយើងបានត្រៀមដើម្បីធ្វើកិច្ចការងារនេះ»។

លោក ត្រាំ និងលោក គីម បានជួបគ្នាបីដងមកហើយចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៨ ដើម្បីព្យាយាមឈានដល់កិច្ចព្រមព្រៀងស្តីពីការរុះរើកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដើម្បីជាថ្នូរនឹងសម្បទានរបស់សហរដ្ឋអាមេរិក។

ប៉ុន្តែ កិច្ចចរចាកម្រិតការងារបានបរាជ័យក្នុងការធ្វើឱ្យមានការរីកចម្រើនទៅមុខ ចំពេលដែលមានចន្លោះប្រហោងធំទូលាយអំពីវិសាលភាពនៃការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការបន្ធូរបន្ថយទណ្ឌកម្មពីសហរដ្ឋអាមេរិក៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)