សហភាពអឺរ៉ុបពង្រីកទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសរុស្ស៊ី រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១

AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០​ — ក្រុមប្រឹក្សាអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអឺរ៉ុបបានបន្តការដាក់ទណ្ឌកម្មសេដ្ឋកិច្ចតាមវិស័យប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលបានដាក់ដោយសារតែស្ថានភាពនៅអ៊ុយក្រែន រយៈពេល ៦ខែទៀត រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ។

សេចក្តីថ្លែងការណ៍នេះបានសរសេរថា «ក្រុមប្រឹក្សាបានសម្រេចបន្តការដាក់ទណ្ឌកម្មដែលផ្តោតទៅលើវិស័យសេដ្ឋកិច្ចជាក់លាក់របស់សហព័ន្ធរុស្ស៊ីសម្រាប់រយៈពេល ៦ខែទៀត រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១»។ មេដឹកនាំសហភាពអឺរ៉ុបបានធ្វើសេចក្តីសម្រេចនយោបាយដើម្បីបន្តដាក់ទណ្ឌកម្មនេះនៅឯកិច្ចប្រជុំកំពូលកាលពីថ្ងៃទី ១៧-១៨ ខែមិថុនា ក្នុងទម្រង់ជាសន្និសីទវីដេអូ បន្ទាប់ពីកិច្ចពិភាក្សាខ្លីមួយក្នុងអំឡុងពេលនោះ ពួកគេបានសន្និដ្ឋានថា ការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងទីក្រុង Minsk មិនទាន់ត្រូវបានសម្រេចនៅឡើយទេ។

សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងក្រុមហ៊ុនចំនួន១៥ របស់រុស្ស៊ី ដែលមានការចូលរួមពីរដ្ឋយ៉ាងទូលំទូលាយនៅក្នុងវិស័យប្រេង ធនាគារ និងវិស័យការពារជាតិ កាលចុងខែកក្កដា ឆ្នាំ ២០១៤ ជុំវិញស្ថានការណ៍នៅអ៊ុយក្រែន និងការបង្រួបបង្រួមតំបន់គ្រីមៀរជាមួយប្រទេសរុស្ស៊ី។ ការរឹតត្បិតនេះត្រូវបានពន្យារពេលម្តងហើយម្តងទៀត។ ជាការឆ្លើយតប ទីក្រុងមូស្គូបានហាមឃាត់ការនាំចូលផលិតផលចំណីអាហារមួយចំនួនពីបណ្តាប្រទេសនៅសហភាពអឺរ៉ុប៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)