ប្រទេសចិនបង្កើនឋានៈជាមជ្ឈមណ្ឌលផ្តល់មូលនិធិដ៏ធំបំផុតមួយរបស់ពិភពលោក

AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០​ — កាសែតអង់គ្លេសដ៏សំខាន់មួយបានរាយការណ៍ថា ប្រទេសចិនបានបង្កើនឋានៈរបស់ខ្លួនជាមជ្ឈមណ្ឌលផ្តល់មូលនិធិដ៏ធំបំផុតមួយនៅលើពិភពលោក បើទោះបីជាមានវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ។ កាសែតនេះបានពណ៌នាប្រទេសនៅអាស៊ីមួយនេះថា ជា «ចំណុចភ្លឺដ៏កម្រមួយនៅគ្រាដែលមានភាពចលាចលយ៉ាងខ្លាំងសម្រាប់ឧស្សាហកម្មវិនិយោគ»។

កាសែត Financial Times បានរាយការណ៍ថា មូលនិធិចិនបានបង្កើនចំណែករបស់ពួកគេនៃទីផ្សារ វិនិយោគសកលលោកក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ២០២០ ដោយត្រូវបានកត់សម្គាល់ថា «ការវិវត្តនៃកំណើន វិស័យវិនិយោគទុនរបស់ខ្លួននៅតែបន្ត បើទោះបីមានវិបត្តិដែលបង្កឡើងដោយមេរោគកូរ៉ូណាវីរុសក៏ដោយ»។

កាសែតនេះបាននិយាយថា «ការផ្លាស់ប្តូរនេះបានបង្ហាញអំពីស្ថានភាពទីផ្សារមូលនិធិចិន ដែលជាចំណុចភ្លឺដ៏កម្រមួយនៅគ្រាដែលមានចលាចលយ៉ាងខ្លាំងសម្រាប់ឧស្សាហកម្មវិនិយោគពិភពលោក ដែលកំពុងធ្លាក់ចុះពីលំហូរចេញរបស់វិនិយោគិនយ៉ាងខ្លាំង ហើយតម្លៃទ្រព្យសកម្មធ្លាក់ចុះយ៉ាងខ្លាំងក្នុងអំឡុងពេលទីផ្សារលក់ចេញកាលពីខែមីនា ហើយកំពុងជំរុញសម្រាប់ភាពមិនចុះសម្រុងបន្ថែមទៀតនៅពេលដែលវិបត្ដិនៃមេរោគឆ្លងនេះនៅតែបន្ត»។

កាសែតនេះបាននិយាយបន្ថែមថា «ការប្រកួតប្រជែងក្នុងចំណោមមូលនិធិសកលលោកសម្រាប់ចំណែកនៃទីផ្សារ ប្រទេសចិនកំពុងមានភាពកើនឡើងកាន់តែខ្លាំងឡើង»៕

(ប្រភព Xinhua បកប្រែដោយលោក យា ចិន្តាខន្តី)