ប្រទេសវៀតណាមអំពាវនាវឱ្យសហគមន៍អន្តរជាតិ រក្សាជំនួយមនុស្សធម៌សម្រាប់ប្រទេសស៊ីរី

AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០​ — ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តផ្តល់ជំនួយមនុស្សធម៌សម្រាប់ប្រទេសស៊ីរី និងសង្កត់ធ្ងន់ទៅលើភាពចាំបាច់សម្រាប់ការឯកភាពគ្នាលើបញ្ហាជំនួយមនុស្សធម៌។

ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយសង្ខេបអំពីស្ថានភាពមនុស្សធម៌នៅប្រទេសស៊ីរី លោកឯកអគ្គរដ្ឋទូត Quy បានចែករំលែកក្តីកង្វល់របស់លោកជាមួយរដ្ឋជាសមាជិកក្រុមប្រឹក្សានេះ អំពីស្ថានភាពគួរឱ្យព្រួយបារម្ភនៅក្នុងប្រទេសស៊ីរី។

លោកបានជំរុញឱ្យប្រទេសអាស៊ីខាងលិច អង្គការសហប្រជាជាតិ និងដៃគូបន្តបង្កើនកិច្ចសហប្រតិបត្តិការដើម្បីធ្វើឱ្យទំនិញនៃជំនួយសង្គ្រោះបានទៅដល់ប្រទេសស៊ីរី។

ដំណោះស្រាយរយៈពេលវែងចំពោះវិបត្តិបច្ចុប្បន្នន គឺការជំរុញវិធានការនយោបាយគ្រប់ជ្រុងជ្រោយសម្រាប់បញ្ហាស៊ីរី ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

លោក Mark Lowcock អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ បាននិយាយថា តម្លៃស្បៀងអាហារ ឱសថ ប្រេងឥន្ធនៈ និងរបស់ប្រើប្រាស់ចាំបាច់ផ្សេងៗទៀតកំពុងតែឡើងថ្លៃ ខណៈដែលរូបិយបជ័ណ្ណផោនរបស់ស៊ីរីបានបាត់បង់តម្លៃកាន់តែខ្លាំងក្នុងរយៈពេល ៦ខែចុងក្រោយនេះ ក្នុង     រយៈពេល ៩ឆ្នាំដំបូងនៃសង្គ្រាម។

លោក Lowkock បាននិយាយថា នៅខាងក្នុងប្រទេសស៊ីរី ប្រជាជនជាង ១១លាននាក់កំពុងត្រូវការជំនួយ និងកិច្ចការពារ។ លោកបាននិយាយបន្ថែមថា ទារក និងកុមារកាន់តែច្រើនឡើងបានបង្ហាញនូវសញ្ញាកង្វះអាហារូបត្ថម្ភ ខណៈដែលម្តាយរបស់ពួកគេនិយាយថា ពួកគេត្រូវពឹងផ្អែកទៅលើកញ្ចប់ស្បៀងអាហារ ពីព្រោះពួកគេមិនអាចមានលទ្ធភាពទិញទំនិញនៅតាមទីផ្សារធម្មតាបានទេ។

នៅក្នុងសេចក្តីការណ៍នោះ លោក Mark Lowcock បាននិយាយថា «ក្មេងជំនាន់ក្រោយមិនបានដឹងអ្វីក្រៅតែពីការលំបាក ការបំផ្លាញ និងការខ្វះខាតនោះទេ»។

លោកបានប្រាប់អ្នកចូលរួមថា អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួន កំពុងខិតខំប្រឹងប្រែងក្នុងការផ្តល់ជំនួយមនុស្សធម៌ និងការគាំទ្រដល់ប្រទេសស៊ីរីក្នុងការដោះស្រាយជាមួយជំងឺរាតត្បាតកូវីដ-១៩៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)