កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ានបូក ក្រុមការងារធ្វើឡើងតាមរយៈសន្និសីទវីដេអូ

AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០​ — នៅថ្ងៃទី ៣០ ខែមិថុនា ក្រសួងការពារជាតិវៀតណាមបានរៀបចំសន្និសីទវីដេអូនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ានបូកក្រុមការងារ (ADSOM + WG) នៅទីក្រុងហាណូយ។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ប្រធាន ADSOM WGs នៃសមាជិកអាស៊ានចំនួន ៩រូប មន្រ្តីមកពីប្រទេសជាដៃគូចំនួន៨ រួមមានរុស្ស៊ី ចិន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី នូវែលហ្សេឡង់ និងឥណ្ឌា ព្រមទាំងតំណាងមកពីអគ្គលេខាធិការដ្ឋានអាស៊ាន។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ ដ៏សំខាន់រវាងបណ្តាប្រទេសនៅអាស៊ាន និងដៃគូ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) និងដើម្បីត្រៀមសម្រាប់កិច្ចប្រជុំ ADSOM+ តាមប្រព័ន្ធអ៊ិនធើណេត ដែលបានគ្រោងធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា ខាងមុខនេះ។ កិច្ចប្រជុំនេះក៏បានពិភាក្សាផងដែរអំពីបញ្ហាដែលទាក់ទងទៅនឹងសកម្មភាពរបស់ក្រុមការងារជំនាញរបស់ ADMM + និងភ្ញៀវដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីប្រារព្ធខួប ១០ឆ្នាំនៃយន្តការ ADMM + ។

ថ្លែងទៅកាន់សន្និសីទលោកឧត្តមសេនីយ៍ឯក Vu Chien Thang ប្រធាននាយកដ្ឋានក្រសួងទំនាក់ទំនងក្រៅប្រទេស និងជាប្រធាន ADSOM WG របស់ប្រទេសវៀតណាម បានប្រកាសអំពីភាពជោគជ័យនៃការរៀបចំធ្វើសមយុទ្ធកំពូលតារាងតាមប្រព័ន្ធអ៊ិនធើណេត ស្តីពីការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ សម្រាប់កងកម្លាំងពេទ្យយោធារបស់ប្រជាជាតិអាស៊ានកាលពីថ្ងៃទី២៧ ឧសភា។

សមយុទ្ធនេះ គឺជាសកម្មភាពរួមគ្នាជាក់ស្តែងមួយ ដែលត្រូវបានធ្វើឡើងដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការពារជាតិអាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺ ដែលត្រូវបានអនុម័តនៅទីក្រុងហាណូយកាលពីខែកុម្ភៈ។ លោកបានកត់សម្គាល់ថា ក្រសួងមានបំណងបន្តជំរុញកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់នៅក្នុងក្របខ័ណ្ឌនៃ ADMM និង ADMM+ ដើម្បីបញ្ជាក់អំពីតួនាទីរបស់កងកម្លាំងការពារជាតិក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)