ទឹកជំនន់នៅក្នុងប្រទេសចិនមិនធ្វើឱ្យប៉ះពាល់ដល់ កម្រិតទឹកទន្លេមេគង្គនៅក្នុងប្រទេសថៃនោះទេ

AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០​ — រដ្ឋបាលទឹកជាតិរបស់ប្រទេសថៃបានរាយការណ៍ថា ទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងប្រទេសចិននឹងមិនបណ្តាលឱ្យកម្រិតទឹកទន្លេមេគង្គនៅក្នុងប្រទេសកើនឡើងនោះទេ ហើយប្រទេសថៃក៏នឹងមិនរងផលប៉ះពាល់ដែរ។

ដោយសារភ្លៀងធ្លាក់ខ្លាំង អាជ្ញាធរចិនបានចាត់វិធានការបន្ទាន់ក្នុងការបង្ហូរទឹកចេញពីទំនប់ និងអាងស្តុកទឹកជាច្រើន។

រដ្ឋបាលទឹកជាតិរបស់រដ្ឋាភិបាលថៃកំពុងតាមដានយ៉ាងដិតដល់អំពីស្ថានភាពទឹកនៅក្នុងប្រទេសចិន ហើយបានរាយការណ៍ថា ទន្លេមេគង្គនឹងមិនរងផលប៉ះពាល់ទេ ពីព្រោះវាដើរតាមទិសដៅផ្សេងគ្នា។

ប្រទេសចិននឹងជូនដំណឹងជាមុនដល់បណ្តាប្រទេសជាសមាជិកនៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង (LMC) ប្រសិនបើប្រទេសនេះសម្រេចចិត្តបញ្ចេញទឹកបន្ថែមទៀតពីទំនប់វារី Jinghong ចូលទៅក្នុងទន្លេមេគង្គ។

កម្ពស់ទឹកទន្លេមេគង្គនៅតែទាប ហើយរំពឹងថា នឹងមានស្ថិរភាព។ ស្ថានីយទឹកក្នុងខេត្តឈៀងរ៉ៃ និងអ៊ូប៊ុនរ៉ាចាថានី របស់ប្រទេសថៃ ក្នុងទីក្រុងហ្លួងប្រាបាង និងទីក្រុងប៉ាក់សេ របស់ប្រទេសឡាវ និងទីក្រុងជីងហុងរបស់ប្រទេសចិន ត្រូវបានរាយការណ៍ថា កម្ពស់ទឹកនៅក្នុងតំបន់ទាំងនោះ គឺស្ថិតនៅក្រោមកម្រិតនៅឡើយ។

ប្រភពទឹកសំខាន់ៗដែលហូរចូលក្នុងទន្លេមេគង្គ គឺមកពីការរលាយទឹកកកនៅតំបន់ខ្ពង់រាបទីបេ។ ទឹកនេះក៏ហូរចូលទៅក្នុងទន្លេ Yangtze និងទន្លេ Salween ផងដែរ។ ទន្លេមេគង្គដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសចិនថា ជាទន្លេ Lancang Jiang ដែលវាមានព្រំប្រទល់ជាប់គ្នារវាងប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃ ក្នុងតំបន់ត្រីកោណមាស។

នៅក្នុងប្រទេសថៃ ទឹកហូរកាត់ខេត្តឈៀងរ៉ៃ ឡូយ ណុងខៃ បឹងកាន ណាក់ខនផាណុម មុដាហាន អំណុតឆារើន និងអ៊ូប៊ុនរ៉ាចាថានី ដែលមានប្រវែង ១.៥២០គីឡូម៉ែត្រ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)