ប្រទេសថៃបើកប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនឡើងវិញ ខណៈដែលប្រទេសឥណ្ឌូណេស៊ី ព្រមានអំពីអ្នកដឹកជញ្ជូនទំនិញដែលមានជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០​ — យោងតាមមជ្ឈមណ្ឌលសម្រាប់រដ្ឋបាលនៃស្ថានភាពជំងឺកូវីដ-១៩ របស់ថៃ (CCSA) ដែលដឹកនាំដោយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់-អូចា បានឱ្យដឹងថា ប្រទេសថៃនឹងបើកច្រកត្រួតពិនិត្យនៅតាមព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ដើម្បីចាប់ផ្តើមការដឹកជញ្ជូនទំនិញ និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនចាប់ពីថ្ងៃទី ១ ខែកក្កដា នេះ។

​អ្នកនាំពាក្យ CCSA​ លោក Thaweesilp Visanuyothin បាននិយាយថា CCSA បានសម្រេចបើកច្រកត្រួតពិនិត្យសរុបចំនួន ៣៧ នៅតាមព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា ឡាវ កម្ពុជា និងម៉ាឡេស៊ី ដើម្បីអាចឱ្យ ដឹកជញ្ជូនទំនិញបាន ហើយពាណិជ្ជករត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ព្រំដែន។

នោះ គឺជាផ្នែកមួយនៃការបន្ធូរបន្ថយដំណាក់កាលទី៥ នៃវិធានការបិទទ្វាររបស់ប្រទេសថៃប្រឆាំងនឹងរោគរាតត្បាតនេះ។

ទោះជាយ៉ាងណា ភ្ញៀវទេសចរមកពីប្រទេសជិតខាងមិនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសថៃ តាមច្រកព្រំដែនទាំងនោះទេ។

លោក Doni Monardo ប្រធានក្រុមការងារកាត់បន្ថយគ្រោះមហន្តរាយនៃជំងឺកូវីដ-១៩ នៃប្រទេសឥណ្ឌូណេស៊ី បាននិយាយថា នៅក្នុងប្រទេសឥណ្ឌូណេស៊ី មនុស្សភាគច្រើនដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានរោគសញ្ញានៃជំងឺកូវីដ-១៩ គឺជាអ្នកដឹកជញ្ជូនទំនិញ ដូច្នេះការឆ្លងដែលអាចកើតមានពីក្រុមអ្នកដឹកជញ្ជូនទំនិញទាំងនោះគួរតែត្រូវបានយកចិត្តទុកដាក់។

លោក Doni បាននិយាយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថា ច្រើនជាង ៧០ភាគរយ ឬខ្ពស់ជាងនេះនៅក្នុងតំបន់មួយចំនួនដែលអាចមានរហូតដល់ ៩០ភាគរយនៃអ្នកជំងឺកូវីដ-១៩​ នៅក្នុងប្រទេសឥណ្ឌូណេស៊ីមិនបានបង្ហាញរោគសញ្ញានោះទេ។

លោកបាននិយាយបន្ថែមថា ប្រសិនបើពួកគេមិនត្រូវបានដាក់ឱ្យធ្វើចត្តឡីស័កទេ ពួកគេអាចចម្លងជំងឺនេះទៅអ្នកណាម្នាក់ដោយជាហានិភ័យខ្ពស់នៃការឆ្លង។

លោកបាននិយាយថា ទិន្នន័យចុងក្រោយបានបង្ហាញថា ជាង ៨៥ភាគរយនៃចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ គឺពាក់ព័ន្ធនឹងអ្នកដែលមានជំងឺដូចជា ជំងឺលើសឈាម ទឹកនោមផ្អែម ជំងឺហឺត ជំងឺរបេង មហារីក និងជំងឺដទៃទៀត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)