អាស៊ាន-អូស្រ្តាលី បានប្តេជ្ញារួមគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីអាចកាត់បន្ថយបាននូវផលប៉ះពាល់ ដែលបណ្តាលមកពីជំងឺឆ្លងកូវីដ១៩

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ០១ ០៧ ២០២០

MC៖កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-អូស្រ្តាលី ដែលផ្ដោតលើ សន្តិសុខផ្នែកសុខភាព ស្ថិរភាព និងការស្ដារឡើងវិញផ្នែកសេដ្ឋកិច្ច ភាគីទាំងពីរបានប្តេជ្ញាចិត្តធ្វើការរួមគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីអាចកាត់បន្ថយបាននូវផលប៉ះពាល់បណ្តាលមកពីជំងឺឆ្លងកូវីដ១៩។

     ភាគីទាំងពីរអាស៊ាន-អូស្រ្តាលី បានប្តេជ្ញាចិត្តធ្វើការរួមគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវផែនការសកម្មភាពអាស៊ាន-អូស្រ្តាលី (២០២០-២០២៤) ដើម្បីកសាងការឆ្លើយតបតំបន់មួយ ដែលអាចកាត់បន្ថយបាននូវផលប៉ះពាល់លើវិស័យសុខាភិបាល និងសេដ្ឋកិច្ច-សង្គម ដែលបណ្តាលមកពីជំងឺឆ្លង និងដើម្បីគាំទ្រគ្នាទៅវិញទៅមក នៅក្នុងដំណាក់កាលជាសះស្បើយឡើងវិញ។នេះបើ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិដែលវិទ្យុជាតិកម្ពុជាទទួលបាននៅថ្ងៃទី ០១ ខែ

កក្កដា ឆ្នាំ២០២០នេះ ដែលឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-អូស្រ្តាលីស្តីពីជំងឺឆ្លងកូវីដ-១៩ តាមប្រព័ន្ធវីដេអូ (Video Conference) កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។កិច្ចប្រជុំដែលពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ក្នុងកិច្ចសហការសង្រ្គោះបន្ទាន់លើផ្នែកសុខភាពសាធារណៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ផ្ដោតលើវិស័យចំនួន៣ ដែលឆ្លុះបញ្ចាំងពីផលប្រយោជន៍រួម រួមមាន សន្តិសុខផ្នែកសុខភាព ស្ថិរភាព និងការស្ដារឡើងវិញផ្នែកសេដ្ឋកិច្ច  កិច្ចប្រជុំក៏បានពិភាក្សាផងដែរ អំពីវិធានការនានាដើម្បីធានាបាននូវស្ថិរភាពសេដ្ឋកិច្ច និងភាពរឹងមាំស្អិតរមួត ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក៏ដូចជាការប្តេជ្ញាចិត្តរួមគ្នា ក្នុងការរក្សាខ្សែចង្វាក់ផ្គត់ផ្គង់ឱ្យបើកចំហ ដើម្បីធានាឱ្យបាននូវលំហូរទំនិញចាំបាច់សំខាន់ៗ ដូចជាស្បៀងអាហារ ឱសថ និងសម្ភារៈប្រើប្រាស់ចាំបាច់នានា។

ប្រភពដដែល បញ្ជាក់ថា ភាគីទាំងពីក៏បានឯកភាពគ្នាធ្វើកិច្ចសហការជាមួយអង្គការអន្តរជាតិពាក់ព័ន្ធនានា  ជាពិសេសអង្គការសុខភាពពិភពលោក និងសហគមន៍អន្តរជាតិ ដើម្បីលើកកម្ពស់ការត្រៀមខ្លួន និងការឆ្លើយតបរួមគ្នា ចំពោះជំងឺរាតត្បាត និងទប់ស្កាត់ផលប៉ះពាល់ក្នុងរយៈពេលវែង។ រដ្ឋមន្រ្តីការបរទេស     អាស៊ាន និងរដ្ឋមន្រ្តីការបរទេសអូស្រា្តលី  បានធ្វើការផ្លាស់ប្ដូរទស្សនៈ អំពីបទពិសោធន៍ និងឧត្តម្មានុវត្តន៍របស់ប្រទេសនីមួយៗ ក្នុងការទប់ស្កាត់ បង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩។