ក្រសួងពន្យារពេលសម្រាប់ពលរដ្ឋចូលទៅសុំផ្ទេរកម្មសិទ្ធិយានយន្តរកម្ចាស់ដើមមិនឃើញ

វិទ្យុជាតិកម្ពុជា, វ៉ាង ភក្តី ០១ ០៧ ២០២០


MC: ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចពន្យារពេលឱ្យប្រជាពលរដ្ឋចូលទៅសុំធ្វើការផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញរយៈពេល៣ខែបន្ថែមទៀត បន្ទាប់ថ្ងៃបញ្ចប់ឱសានវាទកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅតែមានប្រជាពលរដ្ឋសម្រុកទៅស្នើសុំភាពស្របច្បាប់ចំពោះការកាន់កាប់ចលនវត្ថុមួយនេះ។
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១ ខែកក្កដានេះ បានបញ្ជាក់ថា ការដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិន ត្រូវពន្យារពេលរហូតដល់ចុងខែកញ្ញា ឆ្នាំ២០២០។
ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានពន្ធដារ បានឯកភាពស្នើគោលការណ៍ដាក់ឱ្យអនុវត្តនៅទីតាំងផ្តល់សេវារួមតែមួយ ដូចជាការបង់ប្រាក់សេវា និងពន្ធប្រថាប់ត្រារួមគ្នាក្នុងវិក្កយបត្រតែមួយ ខណៈប្រជាពលរដ្ឋជួបបញ្ហាស្មុគស្មាញ និងរអ៊ូរទាំអំពីបែបបទបំពេញឯកសាររដ្ឋបាល ដើម្បីកាត់ឈ្មោះពីម្ចាស់ដើមនៃយានយន្តមកម្ចាស់កាន់កាប់ចុងក្រោយ។
បើតាមការបញ្ជាក់របស់លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នីតិវិធីនៃការផ្ទេរកម្មសិទ្ធិថ្មីនេះ នឹងត្រូវចំណាយពេលតែ១ថ្ងៃ ប្រសិនបើមិនមានការប្តូរផ្លាកលេខ និងរយៈពេល២ទៅ៣ថ្ងៃ ប្រសិនបើមានការប្តូរផ្លាកលេខ៕