អ្នកនាំពាក្យ៖ សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននឹងត្រូវបញ្ចប់នាពេលដ៏ខ្លីខាងមុខនេះ

វិទ្យុជាតិកម្ពុជា, វ៉ាង ភក្តី ០១ ០៧ ២០២០


MC: អ្នកនាំពាក្យក្រសួងព័ត៌មាន អះអាងថា សេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មានបាននឹងកំពុងធ្វើការពន្លឿនឱ្យចប់រួចរាល់នៅក្នុងឆ្នាំ២០២០នេះ តាមការជំរុញរបស់ប្រមុខរដ្ឋាភិបាល។
ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ឱ្យដឹងថា ក្រសួងព័ត៌មាន បានបញ្ចប់ការឆ្លងយោបល់ និងពិគ្រោះជាមួយភាគីពាក់ព័ន្ធ និងក្រសួងសំខាន់រួចរាល់ហើយ ហើយគ្រោងបញ្ជូនសេក្តីព្រាងច្បាប់នេះទៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យបន្ថែមនាពេលដ៏ខ្លីខាងមុខនេះ។
ការថ្លែងបញ្ជាក់នេះ ធ្វើឡើងក្នុងសិក្ខាសាលាជជែកពិភាក្សាស្តីពីបច្ចុប្បន្នភាពនៃសេចក្តីពព្រាងច្បាប់សិទ្ធិទទួលព័ត៌មានកាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ សំដៅធ្វើឱ្យប្រសើរឡើងនូវការយល់ដឹងអំពីស្ថានភាពសេចក្តីព្រាងច្បាប់នេះ និងជំរុញឱ្យមានការអនុម័តច្បាប់ក្នុងឆ្នាំនេះ។
សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន បាននឹងកំពុងដំណើរការប្រមូលធាតុចូលពីក្រុមអ្នកច្បាប់ ដោយមាន៩ជំពួក និង៣៨មាត្រា ក្នុងគោលបំណងធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិ និងសេរីភាពក្នុងការទទួលបានព័ត៌មាន ក៏ដូចជាធានាឱ្យមានការចូលរួមពីសាធារណជន ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងកិច្ចការវប្បធម៌របស់ជាតិ ជាដើម។
សេចក្តីព្រាងច្បាប់នេះ ក៏មានចែងពីភារកិច្ចដែលស្ថាប័នសាធារណៈធានាត្រូវផ្តល់ និងធ្វើ ការផ្សព្វផ្សាយព័ត៌មានជាសាធារណៈឱ្យបានទូលំទូលាយ ដោយអនុលោមតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា១៦ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។
លោក ឡាំ សុជាតិ នាយកវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ យល់ឃើញថា ច្បាប់សិទ្ធិនេះ ផ្តល់ប្រយោជន៍ដល់រដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់សិទ្ធិបញ្ចេញមតិ ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពទទួលព័ត៌មាន។ លោកថា ប្រជាពលរដ្ឋកម្ពុជាក្នុងពេលបច្ចុប្បន្ន ពិសេសយុវជន មានតម្រូវការយ៉ាងខ្លាំងអំពីព័ត៌មានសាធារណៈពាក់ព័ន្ធនឹងការអប់រំ ការងារ កិច្ចការសង្គម សេដ្ឋកិច្ចជាតិ នយោបាយ វប្បធម៌ និងផែនការអភិវឌ្ឍន៍នានា។
គួររំឭកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន បានជំរុញឱ្យក្រសួងព័ត៌មានបញ្ចប់នូវការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានឱ្យចប់រួចរាល់ក្នុងឆ្នាំ២០២០នេះ ដើម្បីដាក់ឆ្លងសុំការអនុម័តពីសភា៕