មន្ត្រីជំនាញកសិកម្ម ជំរុញឲ្យកសិករអនុវត្តតាមស្តង់ដារអនាម័យនិង ភូតគាមអនាម័យ(SPS) ដើម្បីងាយស្រួលនាំចេញ

វិទ្យុជាតិកម្ពុជា​៖ ធីណា ឌីណេ០១.០៧.២០២០


MC៖ មន្ត្រីជំនាញកសិកម្ម ជំរុញឲ្យកសិករត្រូវអនុវត្តតាមស្តង់ដារអនាម័យនិង ភូតគាមអនាម័យ(SPS) ដើម្បីធានាបាននូវសុវត្ថិភាព សុខភាពសត្វ និងអាចនាំចេញទៅក្រៅប្រទេសបានដោយងាយស្រួល ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានឲ្យដឹងថា អនាម័យនិងភូតគាមអនាម័យ(SPS) គឺសំដៅទៅលើដាំ ការចិញ្ចឹមដែលធានាបាន ស្តង់ដារគុណភាពខ្ពស់ មានសុវត្ថិភាព និងបង្ការហានិភ័យ ដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។ បន្ថែមពីនេះទៀតឯកឧត្តមបញ្ជាក់ថា គឺដើម្បីឲ្យប្រាកដថា ពិតជាធានាសុវត្ថិភាពអាហារ និងជៀសវាងបាននូវការឆ្លងរាលដាលជំងឺ សមាសភាពសត្វចង្រៃផ្សេងៗ តាមរយៈសកម្មភាពពាណិជ្ជកម្ម។
«សំឡេង៖ កាលណាយើងនិយាយពីអនាម័យ ដូចជាការស្មោករោគ កខ្វក់ នឹងមួយទៀតអនាម័យទី២ គឺនិយាយពីសំណល់សារធាតុគីមី ចឹងបើសិនជាការដាំដុះរបស់យើងពោរពេញ ទៅដោយភាពស្មោករោគ កខ្វក់ មិនបានសម្អាតចំការឲ្យមិនបានត្រឹមត្រូវ មានសំបកថ្នាំពុល ឬមួយក៏បាវ ថង់ផ្លាស្ទិចនៅពេញចំការជាដើម។ ហើយមួយទៀតអនាម័យពាក់ព័ន្ធទៅនឹងសារធាតុគីមីដែលយើងប្រើប្រាស់ចូលទៅក្នុងរុក្ខជាតិ ឬវាបន្សល់ទុកនៅក្នុងរុក្ខជាតិ ហើយអាហ្នឹង ច្រើនតែសព្វថ្ងៃនេះ យើងសង្កត់ធ្ងន់តែមួយមុខទេ គឺសំណល់ថ្នាំកសិកម្ម។ ហើយអ្វីទៅជាភូតគាមអនាម័យ បើយើងនិយាយអំពីភូតភាមអនាម័យ គឺសមាសភាពចង្រៃ ដោយក្នុងនោះ សមត្ថភាពចង្រៃមានបីធំៗដូចជាស្មៅចង្រៃ ទី២ជំងឺ និងទី៣សត្វល្អិតចង្រៃ បើសត្វនឹងមិនមែនបំផ្លាញដំណាំទេ តែសត្វនឹងទៅបំផ្លាញសត្វចង្រៃគឺជាសត្វមានប្រយោជន៍។ មួយទៀតគេហៅថាទំនិញជាប់កម្រិតកំណត់ដែលយើងហៅថាRegulated នឹងមួយទៀតទំនិញមិនជាប់កម្រិតកំណត់បានន័យថាទំនិញធម្មតាដែលអត់មានហានិភ័យភូតគាមអនាម័យខ្ពស់។»
ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានណែនាំដល់មន្ទីរកសិកម្មរាជធានី-ខេត្ត ត្រូវជំរុញកសិករ បង្កើតស្តង់ដារគុណភាពនៃផលិតផលកសិកម្ម ស្របតាមគោលការណ៍ការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ឬបន្លែសរីរាង្គ ប្រកបដោយនិរន្តរភាពឲ្យបានច្បាស់លាស់ ព្រមទាំងកំណត់យន្តការ ក្នុងការវាយតម្លៃបញ្ជាក់គុណភាពឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានផលិតផលល្អពិតប្រាក ដែលទទួលស្គាល់ដោយទីផ្សារជាតិ និងអន្តរជាតិ។ ពិសេសត្រូវពង្រឹងការអនុវត្តវិធានភូតគាមអនាម័យ (SPS) ក្នុងការបង្ការ និងទប់ស្កាត់រាល់ការឆ្លង នូវសមាសភាពចង្រៃពីតំបន់មួយ ទៅតំបន់មួយទៀត តាមរយៈការចល័តគ្រាប់ពូជ បំណែក និងកំណាត់ដើមពូជដំណាំ ដែលមានផ្ទុកនូវសមាសភាពចង្រៃ៕