ប្រធានគណៈកម្មាធិការជំនាញ រដ្ឋសភាចាត់ទុកជំងឺមិនឆ្លងជាអាទិភាពក្នុងផែនការការងារដែលត្រូវតាមដាន និងត្រួតពិនិត្យ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ប្រធានគណៈកម្មាធិការជំនាញចាត់ទុកជំងឺមិនឆ្លងជាបញ្ហាអាទិភាពក្នុងផែនការការងាររបស់ខ្លួនដែលត្រូវតាមដាន និងត្រួតពិនិត្យដើម្បីធានាដល់សុខភាព និងកាត់បន្ថយចំណាយរបស់ប្រជាពលរដ្​​ឋទៅលើការព្យា​បាល​សុខភាព។

លោកជំទាវ ឡោក​ ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភាមានប្រសាសន៍ថា  រដ្ឋសភានឹងជំរុញឱ្យអាជ្ញាធរ និង​មន្ទីពេទ្យគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូពាក់ព័ន្ធរៀបចំសិក្ខាសាលាផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋឱ្យចេះថែរក្សាសុខភាព។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើ សេចក្តីព្រាងរបាយការណ៍​ការវិភាគទិដ្ឋ​ភាពគោលនយោបាយស្តីពី ជំងឺមិនឆ្លងនៅសណ្ឋាគារកាំបូឌីយ៉ាណា ថ្ងៃទី០១ ខែកក្កដានេះ លោកជំទាវ​បានសន្យាជួយជំរុញឱ្យមានការអនុវត្តនូវគោលនយោបាយស្តីពីជំងឺមិនឆ្លងដែលបានដាក់ចេញដោយរាជរដ្ឋា​​ភិ​បាលឱ្យមានប្រសិទ្ធិភាពដើម្បីចូលរួមលើកកម្ពស់សុខមាលភាពរបស់ប្រជាជននិងគេចផុតពីជំងឺមិនឆ្លង​។

ជំងឺមិនឆ្លងជាជំងឺរ៉ាំរ៉ៃ ដែលធ្វើឱ្យមានពិការភាពបាត់បង់ពលកម្ម រួចធ្លាក់ក្នុងភាពក្រីក្រ ព្រោះ​ត្រូវចំណាយថវិកាច្រើន និង​​ប្រើពេលវេលាយូក្នុងការតាមដានព្យាបាល ។ ជំងឺមិនឆ្លងមិនត្រឹមតែធ្វើឱ្យសុខភាពបុ​គ្គលម្នាក់ដុនដាប​ប៉ុណ្ណោះ​​ទេ  តែជាបញ្ហារួមរបស់គ្រួសារទាំងមូល​ជាពិសេសបានរាំងស្ទះដល់កំណើនសេដ្ឋកិច្ចគ្រួសារ និង​សង្គមជាតិ។

មន្ត្រីជំនាញផ្នែកសុខភាពបានណែនាំឱ្យប្រជាជនកម្ពុជាកុំអោយប្រើប្រាស់ផលិតផលថ្នាំជក់ គ្រឿងស្រវឹង  បរិភោគចំណីអាហា ដែលមិនមានជាតិគីមី ចូលរួមថែរក្សាបរិស្ថាជុំវិញខ្លួន និងហាត់ប្រាណជាប្រចាំដើម្បី​​គេចផុតពីជំងឺមិនឆ្លង​​​​។ កាលពីឆ្នាំ២០១៨ មានប្រជាជនកម្ពុជាស្លាប់ដោយសារតែជំងឺមិនឆ្លងនេះ មានចំនួន៦៤ភាគរយនៃការស្លាប់សរ៉ុបរបស់ប្រជាជនកម្ពុជា ក្នុងនោះបង្ករឱ្យមាន ជំងឺបេះដូង ដាច់សសៃឈាម និងមហារីកជាដើម។

លោកបណ្ឌិត តឹក វណ្ណារ៉ា​ នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជាបានមានប្រសាសន៍ថា ការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការរួមគ្នាកាត់បន្ថយជំងឺមិនឆ្លងនេះ គឺជាការសំខាន់ ជាក់ស្តែងសិក្ខា​​សាលាពិគ្រោះយោបល់​​នៅថ្ងៃនេះ បានពិភាក្សាពិគ្រោះយោបល់ចែករំលែក និងផ្តល់ព័ត៌មានដល់ភាគី​​ពាក់ព័ន្ធរួមមាន អំពីការពិនិត្យ និងវិភាគគោលនយោបាយស្តីពីជំងឺមិនឆ្លង និងទិដ្ឋភាពច្បាប់ទាក់ទង​​នឹងអនុសាសន៍​​លើករណីវិនិយោគជម្ងឺមិនឆ្លងចំនួន៥ ដោយពិនិត្យលើតួអង្គសំខាន់ៗ អាទិភាពគោលនយោបា​យ​ ឱកាស និងបញ្ហា​​ប្រឈមទាក់ទងនឹងជំងឺមិនឆ្លង ជាពិសេសស្ត្រីដែលងាយរងគ្រោះនៅកម្ពុជា , ផ្តល់ឱកាស​​​ដល់អ្នកចូលរួម​​ក្នុងការ​បង្ហាញ​ជម្រើសល្អៗ​ផែនការសកម្មភាព និងថវិការបស់ស្ថាប័នខ្លួន ព្រមទាំងពិភាក្សារកដំណោះស្រាយ ឆ្លើយតបទិដ្ឋ​ភាពជំងឺមិនឆ្លងផងដែរ ៕