សម្រស់ធម្មជាតិតំបន់វាលធំ ក្នុងដែនឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី

AKP រតនគិរី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០–

វាលធំ ជាតំបន់ធម្មជាតិដ៏ប្រណិត វាលនេះគ្រប ដណ្តប់ដោយវាលស្មៅពណ៌បៃតងខៀវខ្ចីនារដូវវស្សា និងពណ៌មាសនៅរដូវប្រាំង មានទំហំ ១.០៣០ហិកតា។ យោងតាមការសិក្សាស្រាវជ្រាវរបស់ លោក Gregory McCann បានឱ្យដឹងថា គ្មានតំបន់ធម្មជាតិណានៅប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី មកប្រគួតសម្រស់ធម្មជាតិវាលធំបានឡើយ។ វាលធំស្ថិតក្នុងឃុំកោះប៉ង ស្រុកវើនសៃ និង ឃុំតាវែងក្រោម ស្រុកតាវែង នៃឧទ្យានជាតិវីរៈជ័យ ទឹកដីខេត្តរតនគិរីភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា។

វាលធំ យើងអាចមើលទេសភាព ៣៦០ដឺគ្រេ អាចមើលថ្ងៃលិច ថ្ងៃរះ វាជាគោលដៅទេសចរណ៍សម្រាប់អ្នកដែលចូលចិត្តឡើងភ្នំគយគន់មើលទេសភាពធម្មជាតិពិតៗ។ បើអ្នកចង់ទៅទស្សនាសម្រស់ធម្មជាតិទាំងអស់នេះ គឺត្រូវធ្វើដំណើរចេញពីស្រុកតាវែង ទៅដល់វាលធំ ចម្ងាយផ្លូវ ៣២គីឡូម៉ែត្រ។ អាចជិះម៉ូតូដល់វាលធំក្នុងករណីអត់ភ្លៀង បើករណីមានភ្លៀងជិះម៉ូតូបាន ១៨គីឡូម៉ែត្រដល់ជើងភ្នំជីអីក ត្រូវដើរពីជើងភ្នំទៅវាលធំ ១៤គីឡូម៉ែត្រ។

សូមបញ្ជាក់ថា ឧទ្យានជាតិវីរៈជ័យ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យក្នុងឆ្នាំ១៩៩៣​ ឧទ្យាននេះមានផ្ទៃដី ៣៣២.៥០០ហិកតា គ្របដណ្តប់ដោយព្រៃស្រោង ពាក់កណ្តាល ស្រោង​ និងព្រៃល្បោះ វាលស្មៅ។ ឧទ្យានជាតិវីរៈជ័យ ជាជម្រកធម្មជាតិយ៉ាងសំខាន់សម្រាប់សត្វស្លាប ២០០ប្រភេទ ថនិសត្វ​ ១៥ប្រភេទ ល្មូន៣៥ប្រភេទ មច្ឆា ៣៧ប្រភេទ កណ្តូប​ ១៩ប្រភេទ​ ស្រមោច ៣០ប្រភេទ និងប្រភេទសត្វផ្សេងៗទៀត ៕ ដោយ៖ណយ នឿន (ប្រភពៈមន្ទីរព័ត៌មានខេត្តរតនគិរី)