អាជ្ញាធររាជធានីទទួលបានម៉ាស៉ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាមនៅតាមសួនច្បារពី ទីក្រុងណាននីងប្រទេសចិន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ហុក សុខរិន


អាជ្ញាធររាជធានីភ្នំពេញទទួលបានម៉ាស៉ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាមនៅតាមសួនច្បារចំនួន២គ្រឿងពី
ទីក្រុងណាននីងប្រទេសចិន ដើម្បីបោសនៅតាមដងផ្លូវ និងតាមសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ។
លោក នួន សំណាវុធ អភិបាលរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភំ្នពេញ មានប្រសាសន៍ឲ្យដឹងថា៖ ម៉ាស៊ីនបូមធូលី ស្លឹកឈើ និងសរាមដែលជាអំណោយរបស់ទីក្រុងណាននីងប្រទេសចិននេះបានបញ្ជូនមកឲ្យរាជធានីភ្នំពេញស្របជាមួយនឹងការផ្តល់បរិក្ខារពេទ្យមួយចំនួនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩កាលពីប៉ុន្មានខែកន្លងមកនេះ។
លោកបានបញ្ជាក់ទៀតថា៖ ម៉ាស៊ីនបូមទាំងពីរខាងលើនេះ គឺសមត្ថភាពប្រើប្រាស់សម្រាប់បោសសម្អាតនៅក្នុងបរិវេណផ្ទៃដីទំហំ ១៦០០០ ម៉ែត្រការ៉េក្នុង១ម៉ោង និងអាចបូមសម្អាតបាន ៨គីឡូម៉ែត្រក្នុងមួយម៉ោង។
ម៉ាស៊ីនបូមទាំងពីរនេះកាលពីល្ងាចថ្ងៃទី២៩មិថុនាឆ្នាំ២០២០ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញយកមកធ្វើសកម្មភាពបូមសម្អាតនៅលើសួនច្បារមាត់ទន្លេ ចាប់ពីមុខផ្សារចាស់រហូតដល់មុខវត្តឧណ្ណាឡោម ហើយជាក់ស្តែងម៉ាស៊ីននេះពិតជាមានគុណភាពដែលអាចបូមសម្អាតធូលី ស្លឹកឈើ និងសំរាម បានស្អាត និងមិនធ្វើឱ្យធូលីហុយនោះទេ ព្រោះមានទឹកសម្រាប់បាញ់ស្រោបនៅពេលកំពុងប្រតិបត្តិការបូមធូលី។
លោក នួន សំណាវុធ ក៏បានបញ្ជាក់ផងដែរថា៖ ម៉ាស៊ីនបូមមទាំងពីរនេះ ជាម៉ាស៊ីនប្រើប្រាស់អាគុយ ដែលមិនបង្កផលប៉ះពាល់បរិស្ថានហើយបើខណ្ឌមួយចំនួនត្រូវការអាចយកទៅប្រើប្រាស់នៅក្នុងមូលដ្ឋានរបស់ខ្លួនបាន៕