ក្រុមហ៊ុនឯកជនជាច្រើនចាប់អារម្មណ៍ការវិនិយោគវិស័យទេសចរណ៍នៅខេត្តស្ទឹងត្រែង

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
MC៖ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានអោយដឹងថា មានក្រុមហ៊ុនឯកជនជាច្រើន កំពុងចចាប់អារម្មណ៍ការវិនិយោគលើវិស័យទេសចរណ៍ នៅខេត្តស្ទឹងត្រែង ដោយសារតែខេត្តនេះសំបូរតំបន់ទេសចរណ៍ធម្មជាតិជាច្រើនដែលទាក់ទាញទេសចរជាតិ និងអន្តរជាតិ។
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់វិទ្យុជាតិកម្ពុជា ថា ក្រុមហ៊ុនឯកជនទាំងនោះបានចាប់អារម្មណ៍លើការវិនិយោគតំបន់ទេសចរណ៍នានាក្នុងខេត្តស្ទឹងត្រែងដូចជានៅតាមឆ្នេរទន្លេ តំបន់ទឹកធ្លាក់ តំបន់ទេសភាពព្រៃឈើ និងពពួកសត្វស្លាប ជាដើម។
សំឡេង៖ «ការរៀបចំសេវាកម្មថ្មីៗកំពុងមានការចាប់អារម្មណ៍ពីវិស័យឯកជនផងដែរ កំពុងស្នើសុំធ្វើការវិនិយោគ។ជាពិសេសថ្មីៗមកនេះមានវិស័យឯកជនគេចាប់អារម្មណ៍ចង់ធ្វើការវិនិយោគទេសចរណ៍តាមដងទន្លេ ដោយធ្វើជាកាណូតទូកទេសចរណ៍ ដើម្បីរៀបចំជាសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរទស្សនាតាមដងទន្លេមេគង្គ»។
លោក បន្ដថា មន្ទីរទេសចរណ៍និងមន្ទីរជំនាញផ្សេងទៀត បាននឹងកំពុងកសាងនូវកញ្ចប់សេវាកម្មទេសចរណ៍មួយចំនួន ដើម្បីផ្សព្វផ្សាយអោយបានទូលំទូលាយ ដែលអាចទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ ចូលទៅលេងកម្សាន្តកាន់តែច្រើនថែមទៀតទៀត។
សូមបញ្ជាក់ថា តំបន់ទេសចរណ៍នៅខេត្តស្ទឹងត្រែងរួមមាន៖ ទឹកជ្រោះព្រះនិម្មិត , ព្រះរំកិល អន្លង់ផ្សោតនៅជាប់ទល់ដែនឡាវ, ទឹកជ្រោះល្បាក់ខោនជាប់ព្រំដែនឡាវ, ទស្សនាព្រៃលិចទឹកតាមដៃទន្លេមេគង្គនៅអូរស្វាយ, ជិះទូកមើលថ្ងៃលិចនៅស្ពានសេកុង , រមណីយដ្ឋានធម្មជាតិអូរច្រឡង់«ក្រមុំព្រហ្មចារី» នៅកណ្តាលព្រៃ , រមណីយដ្ឋានធម្មជាតិអូរឫស្សីកណ្ដាល , ល្អាងភ្នំប្រាក់ជាតំបន់បោះជំរំក្នុងព្រៃដ៏ពិសេស , តំបន់រ៉ាមសារ និងតំបន់អាហារដ្ឋានសត្វត្មាតសៀមសាន ជាដើម៕