រាជរដ្ឋាភិបាលឲ្យរោងចក្រមួយចំនួនប្តូរពីការផលិតសំលៀកបំពាក់មកជាការផលិតម៉ាស់និងសម្ភារវេជ្ជសាស្រ្ត

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា
MC៖រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឲ្យរោងចក្រមួយចំនួន ប្តូរពីការផលិតសំលៀកបំពាក់មកជាការផលិតម៉ាស់និងសម្ភារវេជ្ជសាស្រ្ត ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់នៅក្នុងស្រុក។

ក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ឋនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាចគ្រប់គ្រង និងធានាបាននូវស្តុកបម្រុងគ្រប់គ្រាន់នូវមុខទំនិញម៉ាស ដែលបម្រើដល់ការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩នៅក្នុងប្រទេស។លោកបានបន្តថា ខណៈរោងចក្រសហគ្រាសមួយចំនួន ត្រូវ ផ្អាកដំណើរការ បណ្ដាលពីផលប៉ះពាល់នៃការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ ១៩ នោះ រោងចក្រកាត់ដេរខ្លះបានបង្វែរខ្សែសង្វាក់ ផលិតកម្មរបស់ខ្លួនទៅផលិតជាម៉ាសឬជាឧបករណ៍វេជ្ជសាស្ត្រវិញ ដើម្បីជៀសវាងការបិទទ្វារ។
សំឡេង៖«រាជរដ្ឋាភិបាលក៏បានកំណត់រោងចក្រមួយចំនួនឱ្យផលិតប្ដូរពីការផលិតខោអាវនឹងមកជាផលិតម៉ាស់ មិនឲ្យនាំចេញទៅក្រៅទៀត ដើម្បីលក់នៅក្នុងស្រុកចឹងហើយដែលធ្វើឲ្យតម្លៃម៉ាស់តាំងពីដើមថ្លៃឥឡូវបានចុះធ្លាក់សង្ឃឹមបន្តថាចុះថ្លៃទៀត។សង្ឃឹមថាស្ថាប័នដែលពាក់ព័ន្ធបានឮសំឡេងនេះគាត់នឹងពិចារណាថែមទៀត ក្នុងការមានការថយតម្លៃរបស់ម៉ាស់។ ជំងឺនេះអត់មានការថមថយទេមានតែការកើនឡើងនូវពិភពលោកកើនទៀត អត់ឃើញចុះទេកំពុងតែឈានផ្ទុះរលកទី២ហើយ ។ឧទាហរណ៍ជាក់ស្តែងប្រទេសចិនកំពុងតែផ្ទុះឡើងវិញនៅក្នុងរាជធានីរបស់គាត់តែម្ដង។ប្រសិនប្រជាពលរដ្ឋយើងអនុវត្តអោយខ្ជាប់ខ្ជួនអនាម័យឬមួយមានការគំលាតសង្គមយើងនៅតែអាចកាត់បន្ថយការរីករាលដាលនឹងឲ្យបានជាអតិបរមា»។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានក្រើនរំលឹកម្តងហើយម្តងទៀត ដល់ ប្រជាពលរដ្ឋ ឲ្យអនុវត្តនូវវិធានការណ៍ទប់ស្កាត់ជំងឺCOVID-19នេះ ដោយត្រូវ អនាម័យដៃជាប្រចាំដោយលាងសំអាតឲ្យបានញឹកញាប់ជាមួយនិងសាប៊ូ និងទឹកស្អាត ឬអាល់កុលសម្រាប់លាងដៃ ឬទឹកជេលលាងដៃ ខ្ទប់មាត់ និងច្រមុះនៅពេលក្អក និងកណ្តាស់ ដោយប្រើម៉ាស់កន្សែង ក្រម៉ាឬក្រដាសជូតមាត់ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ៕