ឯកឧត្តម សាយ សំអាល់ ៖ នៅខេត្តរតនគិរីមាន ការទន្ទ្រានដីនៅក្នុងតំបន់ការពារធម្មជាតិ

វិទ្យុជាតិកម្ពុជា វ៉ាង ភក្តី
MC: ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងថា នៅខេត្តរតនគិរី មានការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់កើតមានឡើងនៅក្នុងតំបន់ការពារធម្មជាតិ ហើយមានការជាប់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋានខ្លះដូចជាមេភូមិមេឃុំជាដើមដែលនៅបន្តបំពានច្បាប់ចុះហត្ថលេខាលើលិខិតទិញនិងលក់ដី និងការចុះហត្ថលេខាបញ្ជាក់ពីការកាន់កាប់ដី ដោយខុសច្បាប់ ទោះបីជាមានការផ្សព្វផ្សាយ អប់រំណែនាំជាច្រើនលើកច្រើនសារួចមកហើយពីសំណាក់ មន្ត្រីជំនាញយ៉ាងណាក៏ដោយ។
ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តរតនគិរីដោយមានការអញ្ជើញចូលរួមពីសមាជិកនៃគណៈកម្មាធិការទី៣ នៃព្រឹទ្ធសភា និងរដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តរតនគិរី និងអាជ្ញាធរពាក់ព័ន្ធរួមមានអភិបាលក្រុងស្រុកនិងមេឃុំ ចៅសង្កាត់ក្រោមចំណុះ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី៣០ ខែមិថុនានេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានព្រមានថា «អាជ្ញាធរមូលដ្ឋានដែលមានតួនាទីចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ មិនត្រូវបើកដៃឱ្យមានការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដៃរដ្ឋដោយខុសច្បាប់ ហើយស្នើសុំកាត់ឆ្វៀលដីរំលោភទន្ទ្រានទាំងនោះឱ្យក្រុមជនខិលខូចឡើយ ព្រោះនេះជាទង្វើខុសច្បាប់ ហើយចាំបាច់ត្រូវទទួលខុសត្រូវចំពោះមុខ ច្បាប់ដោយគ្មានការលើកលែងឡើយ»។ ឯកឧត្តម មានប្រសាសន៍ថា ជនដែលរំលោភបំពានទន្ទ្រានកាន់កាប់ដីរដ្ឋតែងតែត្រូវបានប្រឈមមុខច្បាប់។
សូមបញ្ជាក់ថា ខេត្តរតនគិរីមានតំបន់ការពារធម្មជាតិចំនួន ៦ ដែលមានផ្ទៃដី ៨៩៣ ៥៩៤ ហិកតាក្នុងនោះមានដូចជាឧទ្យានជាតិវីរៈជ័យ ឧទ្យានជាតិអូយ៉ាដាវ ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃសៀមប៉ាងវើនសៃ។
ជាមួយគ្នានេះ មានការរៀបចំសហគមន៍តំបន់ការពារធម្មជាតិចំនួន ១០ ដែលមានផ្ទៃដី ២៦ ៣៣៨ ហិកតា ហើយបច្ចុប្បន្ននេះក្រសួងបរិស្ថាននិងអាជ្ញាធរខេត្តបាននឹងកំពុងពង្រឹងបន្ថែមតួនាទីរបស់សហគមន៍ក្នុងការចូលរួមការពារនិងអភិរក្សប្រកបដោយប្រសិទ្ធភាព ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិជាមួយ មន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន៕