អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រើនរំលឹកឲ្យអាជ្ញាធរពាក់ព័ន្ធនៅខេត្តភាគឦបង្កើនការទប់ស្កាត់គ្រឿងញៀន

វិទ្យុជាតិកម្ពុជា៖ លោក គឹមហឿន

ស្ទឹងត្រែង ៖  អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនបានក្រើនរំលឹកឲ្យអាជ្ញាធរពាក់ព័ន្ធមកពីខេត្តចំនួន៥ នៅ​ភាគឦ​សាន្តត្រូវបង្កើនកិច្ចសហការគ្នាបន្ថែមទៀតដើម្បីឈាន​​ទៅលុបបំបាត់ការចរាចរណ៍ថ្នាំញៀន​គ្រប់ប្រភេទ​ឱ្យមានប្រសិទ្ធភាព ។

ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តស្ទឹងត្រែងថ្ងៃទី៣០មិថុនា ឆ្នាំ ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស​វិរិទ្ធអគ្គលេខាធិការ​នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​​មានប្រសាស​ន៍​​ថា៖ការជូញដូរ-ការរក្សារទុក-ការចែកចាយ-ការប្រើប្រាស់-និងការធ្វើចរាចរថ្នាំញៀនឆ្លងកាត់ នៅតាមខេត្តីមួយៗ នៅតែកើតមាននៅឡើយ។

ឯកឧត្តមបន្ថែមថាដើម្បីចាត់វិធានការអនុវត្តច្បាប់មានប្រសិទ្ធភាព​ឹងកុំឲ្យប្រជាពលរដ្ឋស្លូតត្រង់រងគ្រោះដោយសារគ្រឿងញៀន គឺសមត្ថកិច្ចនិងអាជ្ញាធរពាក់ពន្ធ័ ត្រូវរួមគ្នាបង្កើនការអប់រំ ផ្សព្វផ្សាយ ឲ្យបានស៊ីជម្រៅ​​ប្រសើរជាង​ធ្វើការ​បង្ក្រាប និងបង្កើតក្រុមផ្សព្វផ្សាយនៅតាម សាលារៀន ឱ្យទៅដល់មូលដ្ឋាននៅក្នុង ឃុំសង្កាត់បន្ថែមទៀត ។

ឯកឧត្តមម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា លេខាធិការដ្ឋានខេត្ត​​បានធ្វើការណែនាំដល់​ថ្នាក់ដឹកនាំក្រុងស្រុកឃុំសង្កាត់និងបានផ្សព្វផ្សាយ យ៉ាងសកម្ម និងជាពហុវិស័យ ដើម្បីធ្វើឱ្យភូមិ ឃុំ គ្មាន​គ្រឿងញៀន ខណៈក្នុងយុទ្ធនាការ៦ខែកន្លងមកនេះសមត្ថកិច្ចបានប្រឹង​ប្រែងសហការគ្នាបង្ក្រាបឃាត់ខ្លួន​ជនសង្ស័យរួមនិងវត្ថុតាងបញ្ចូនទៅតុលាការផងដែរ។

លោកយង់សុវឌ្ឍនាអភិបាលរងខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ក្នុងយុទ្ធនាការឆមាសទី១ឆ្នាំ២០២០សត្ថកិច្ចជំនាញបានផ្សាយអប់រំពីផលប៉ះពាល់ការគ្រោះថ្នាក់និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននៅតាមគ្រឹះស្ថានសិក្សាបានចំនួន១៣លើក នៅតាមវេទិការសាធារណៈចំនួន១២០លើកនិងមានអ្នកចូលរួមជាង១៣ម៉ឺននាក់។

ជាមួយគ្នានេះការអនុវត្តច្បាប់ក្នុងរយៈពេល០៦ខែឆ្នាំ២០២០នេះសមត្ថកិច្ចជំនាញបង្ក្រាបបាន១៩ករណីឃាត់ខ្លួនជនសង្ស័យចំនួន៤០នាក់ ជាមួយនឹងវត្ថុតាង ថ្នាំញៀនគ្រប់ប្រភេទមានទម្ងន់សរុប២៥៩.៨០៥ក្រាម និងសម្ភារៈផ្សេងៗជាច្រើនទៀត។

សូមបញ្ជាក់ថា៖បញ្ហាគ្រឿងញៀននៅខេត្តភូមិភាគឦសាន្តរួមម​ាន៖ ខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគីរី តរនគីរី និងខេត្តព្រះវិហារនៅតែមានបន្ទុកធ្ងន់នៅឡើយ ដោយសារតែភូមិសាស្ត្រខេត្តទាំងនោះមានលក្ខណៈស្មុគស្មាញ ជាតំបន់ ព្រៃភ្នំ ទន្លេ និងមានច្រករបៀងច្រើននៅតាមព្រំដែន (ផ្លូវគោកផ្លូវទឹក)ដែលអំណោយផល​​ល្អសំរាប់ពួកឧក្រិដ្ឋជន​ចរាចរដឹកជញ្ជូននិងលួចលាក់នាំថ្នាំញៀនឆ្លងកាត់៕