ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំអនុវត្តន៍វិធីសាស្រ្តចំនួន៣យ៉ាងដើម្បីលើកកម្ពស់ការផ្តល់សេវា និងសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន

វិទ្យុជាតិកម្ពុជា៖ហាន់ ស្រីណា

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំអនុវត្តន៍វិធីសាស្រ្តចំនួន៣យ៉ាងដើម្បីលើកកម្ពស់ការផ្តល់សេវា
និងសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋានឲ្យកាន់តែល្អប្រសើរ ដើម្បីជួយសម្រួលការលំបាកជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានមានប្រសាសន៍ថា វិធីសាស្រ្តសំខាន់ៗទំាង៣យ៉ាងនេះមានដូច វិធីបង្ការ វិធីបង្ក្រាប និងទំនាក់ទំនង ។ លោកបញ្ជាក់ថា វិធីបង្ការគឺប៉ុស្តិ៍នគរបាលទាំងអស់ត្រូវបើកទ្វារ២៤ម៉ោងដើម្បីដោះស្រាយរាល់បញ្ហាផ្សេងៗដែលប្រជាពលរដ្ឋកំពុងជួបប្រទះ ។

វិធីបង្ក្រាបគឺចុះអន្តរាគមន៏រាល់បទល្មើសផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ចំណែកទំនាក់ទំនងគឺការចុះអប់រំផ្សព្វផ្សាយពីបញ្ហាជាច្រើន ដល់មូលដ្ឋានប្រជាពលរដ្ឋ ដូចជា ហានិភ័យពីគ្រោះថ្នាក់ចរាចរណ៍ហានិភ័យពីជំងឺឆ្លងផ្សេងៗដើម្បីប្រជាពលរដ្ឋរស់នៅដោយសុខសុវត្ថិភាពនិងកាន់តែមានភាពជិតស្និតជាមួយមន្ត្រីនគរបាលខេត្ត។
សំឡេង៖«នគរបាលគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តតាំងពីខេត្តស្រុករហូតដល់មូលដ្ឋានមានភារកិច្ចការពាររបស់សន្តិសុខសុវត្ថិភាពជូនពួកគាត់ចឹងដើម្បីឲ្យពួកគាត់មានទំនុកចិត្តមកលើកងកម្លាំងនគរបាលតាមប្រយ័ត្ននេះគឺមានវិធីបង្ការបង្ក្រាបនិងវិធីទំនាក់ទំនងដែលជារឿងសំខាន់»។
លោកបន្តថា វិធានការនេះក៏ជំរុញផ្ដល់ជូននូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋមានដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ពិសេសដោះស្រាយរាល់បញ្ហាផ្សេងៗដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់បំផុតនឹងពុំអាចខ្វះបានសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
លោក យ៉ុង ឡែន ជាប្រជាពលរដ្ឋរស់នៅភូមិថ្មពេជ្រទី១ ឃុំថ្មពេជ្រ ខេត្តត្បូងឃ្មុំបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា មន្ត្រីនគរបាលនៅក្នុងខេត្តគ្រប់ជាន់ថ្នាក់បានបង្កើនការផ្តល់សេវាផ្សេងៗជូនប្រជាពលរដ្ឋដូចជា ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះដែលផ្តល់ភាពងាយស្រួលជាងមុនបានមួយកម្រិតលើសពីនោះកងកម្លាំងនគរបាលខេត្តបានទប់ស្កាត់និងដោះស្រាយរាល់បទល្មើសផ្សេងៗឬគ្រោះធម្មជាតិណាមួយដែលកើតឡើងជាយថាហេតុជូនប្រជាពលរដ្ឋបានយ៉ាងប្រសើរ។
សំឡេង៖នគរបាលនៅក្នុងមូលដ្ឋានខ្ញុំគឺមានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋគាត់មានយាមល្បាតពេលយប់ពិសេសជួយប្រជាពលរដ្ឋមានបញ្ហាអីគាត់ដោះស្រាយជូនប្រជាពលរដ្ឋដោយមិនបង្អង់ទុក។
សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងមហាផ្ទៃជាសេនាធិការបាននឹងកំពុងអនុវត្តន៍ជំហរដ៏រឹងមាំក្នុងការថែរក្សាការពារសុខសន្តិភាព សុខសណ្ដាប់ធ្នាប់ ភាពថ្លៃថ្នូរជូនប្រជាពលរដ្ឋយ៉ាងសកម្ម ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមានភាពកក់ក្តៅក្នុងការរស់នៅ៕