រាជបណ្ឌិត្យសភាកម្ពុជាប្តេជ្ញាលើកតម្កើនអក្សរសាស្រ្តជាតិឲ្យបានរុងរឿង

វិទ្យុជាតិកម្ពុជា៖ យី វិច្ឆិកា
ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជាប្តេជ្ញាលើកតម្កើនអក្សរសាស្រ្តជាតិឲ្យបានរុងរឿងតាមរយៈការប្រើ ឯកសារទាំងអស់ មកពន្យល់បកស្រាយឲ្យបានច្បាស់លាស់ជាលក្ខណៈរបស់ខ្មែរ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍អក្សរសាស្ត្រខ្មែររបស់ខ្លួន ដោយខ្លួនឯង តាម រយៈការប្រើប្រាស់ ឯកសារទាំងឡាយ យកមកបកស្រាយពន្យល់ ។

ថ្លែងក្នុងសន្និសីទកាសែត ស្តីពីវឌ្ឍនភាពរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា ស្វាគមន៍គ្រប់ស្ថាប័នជំនាញនានា ទាំងស្ថាប័នរដ្ឋ និងឯកជន ដែលមានបំណងរៀបចំបញ្ជី បច្ចេកសព្ទ ដែលពាក់ព័ន្ធនឹងអក្សរសាស្ត្រជាតិ ដើម្បីឲ្យអ្នកជំនាញឯកទេសជាច្រើន នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ បានយកទៅពិនិត្យ និងអនុវត្តន៍ ។
សំឡេង« អ្វីដែលលើកតម្កើនភាសារបស់ខ្មែរ គឺរាល់ឯកសារទាំងអស់ត្រូវសរសេរជាភាសាខ្មែរឧទាហរ ណ៍ យើងមានមជ្ឈមណ្ឌលខុងជឺ ប៉ុន្តែខុងជឺមានភាសាចិនប៉ុន្តែយើងសរសេរជាភាសាខ្មែរ យកភាសាខ្មែរជាភាសាយានអាហ្នឹងហើយដែលយើងលើកស្ទួយភាសាខ្មែរ ។ ទី២អ្វីទៅលើកស្ទួយភាសាខ្មែរ ភាសាបច្ចេកទេសដែលជាភាសាមិនទាន់មាន រាជបណ្ឌិត្យសភាបានយកកិច្ចការនិងមក ធ្វើការសិក្សាស្រាវជ្រាវនិងបកពន្យល់ទៅតាមសន្ទានុក្រម អាហ្នឹងហើយលើស្ទួយភាសាខ្មែរដែលយើងប្រើ ។ ឧទាហរណ៍ប្រសាសន៍របស់សម្តេចនាយកគាត់និយាយថាមិច កុំមើលឈើមួយដើម ត្រូវមើលព្រៃឈើទាំងមូល មិនអាចឲ្យអ្នករូបវិទ្យាទៅបក មិនអាចសង្គមវិទ្យាទៅបកទេ ទាល់តែអ្នកវិទ្យាសាស្ត្រនយោបាយទៅបកបានត្រូវ គ្រាន់តែចេញពាក្យថ្មីមកភ្លាម ខាងយើងចាប់ផ្តើមមើល ចាប់ផ្តើមពន្យល់ហើយអ្វីទៅពាក្យហ្នឹង » ។

សូមបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជាមានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងមានគណ:កម្មការ បច្ចេកសព្ទ ជំនាញឯកទេស ចំនួន១៧ ហើយបច្ចុប្បន្ននេះ បានចេញ សន្ទានុក្រម បាន១១មុខហើយ ដែលមានភាសាទំនើបកម្ម តាមបែបវិទ្យាសាស្រ្តបច្ចុប្បន្ន ៕