រដ្ឋមន្រ្តីក្រសួងព័ត៌មានអំពាវនាវឲ្យប្រជាពលរដ្ឋបន្ដទម្លាប់ធ្វើអនាម័យ ដើម្បីឈានទៅទទួលស្វាគមន៍ការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ខាងមុខ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អំពាវនាវប្រជាពលរដ្ឋ បន្ដទម្លាប់ធ្វើអនាម័យអោយបានជាប់ជាប្រចាំ ដើម្បីសុខភាព ដោយត្រៀមទទួលកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

នៅកិច្ចប្រជុំគណៈកម្មការ ព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់ការត្រៀមប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅឆ្នាំ២០២៣ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថា ចាប់ពីពេលនេះទៅ ក្រសួងព័ត៌មាន ត្រៀបរៀបចំបែងចែករាល់ភារកិច្ចការងារ ដែលពាក់ពន្ធ័ក្នុងដំណើរការរៀបចំការប្រកួតកីឡា SEA Game’s 2023 ដើម្បីបង្កភាពងាយស្រួល ក្នុងការបំពេញរាល់កិច្ចការងារអោយដំណើរការទៅដោយរលូន ជាពិសេសការត្រៀមនូវរាល់ មូលដ្ឋានសំភារៈ បច្ចេកទេស ថតផ្សាយអោយបានល្អ។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ព្រោះថា នៅក្នុងដំណាក់កាលនោះ ត្រូវប្រើប្រាស់ កាមេរ៉ា ប្រភេទ 8 K ដែលមានរូបភាពច្បាស់ល្អ ហើយស្របពេលដែលក្រសួងព័ត៌មាន ធ្វើការផ្លាស់ប្តូរប្រពន្ធ័ផ្សាយទូរទស្សន៍ពីអាណាឡូក ទៅឌីជីថល ដែលមានគុណភាពខ្ពស់ ច្បាស់ល្អ។
ឯកឧត្តម បន្ដថា ទាក់ទងទៅនឹងដំណើរការត្រៀមរៀបចំការប្រកួតកីឡាអាស៊ី អាគ្នេយ៍ លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខនេះ ឯកឧត្តម ចង់អោយប្រជាជនកម្ពុជាបន្ដទម្លាប់ដោយធ្វើអនាម័យ គោរពច្បាប់ចរាចរណ៍ និងការថែរក្សាបរិស្ថានស្អាត ដើម្បីឈានទៅទទួស្វាគមន៍ការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ខាងមុខ។
សំឡេង៖ «កិច្ចប្រជុំរៀបចំដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ដូច្នេះគឺសំខាន់បំផុតយើងក៏មិនទាន់បានឃើញថាទៅមានអីខ្លះទេ ជាពិសេសរូបសញ្ញាសំគាល់នៃកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣នេះជារូបសញ្ញាអ្វី ដើម្បីយើងអាចធ្វើការងារយើងទៅមុខទៀត។ ប៉ុន្ដែពេលរង់ចាំនេះយើងបានរៀបចំក្រុមដើម្បីផ្សាយជាមុន ដើម្បីអោយប្រជាជនយើងបានយល់ថាអ្វីទៅជាកីឡា SEA Game’s 2023 អំពីតួនាទីជាម្ចាស់ផ្ទះ។ អញ្ចឹងយើងអាចបំផុសប្រជាជនយើងទាំងក្នុងបញ្ហាគោរពចរាចរណ៍ ការថែរក្សាបរិស្ថានស្អាត ត្រូវមានអនាម័យក្នុងការរស់នៅ សុទ្ធតែជាការងាររៀបចំមុន ដើម្បីពេលគេមកដល់ ឃើញថាប្រទេសកម្ពុជាយើងមានរីកចម្រើនយ៉ាងណា»។
សូមបញ្ជាក់ថា កីឡាអាស៊ី អាគ្នេយ៍ លើកទី៣២ នាឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរបស់កម្ពុជាបន្ទាប់កម្ពុជាដែលរង់ចាំអស់រយៈពេល៥៤ឆ្នាំ គឺពីឆ្នាំ១៩៥៩ ដល់ឆ្នាំ២០២៣ ។
ជាមួយគ្នានោះកាលបរិច្ចេទនៃព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺត្រូវបានសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានកំណត់យកថ្ងៃទី០៥ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ជាពេលវេលារៀបចំព្រឹត្តិការណ៍ប្រកួតប្រជែងសម្រាប់ព្រឹត្តិការណ៍កម្រិតតំបន់នេះ៕