មន្ទីរសុខាភិបាលខេត្តកោះកុង បន្តចុះអប់រំវិធានការពារជំងឺគ្រុនឈាមនិងដាក់ថ្នាំអាលប៉ែត នៅតាមភូមិឃុំ

វិទ្យុជាតិកម្ពុជា ៖ដោយ លោកស្រី ទុយ សូលីដា

ភ្នំពេញ៖ មន្ទីរសុខាភិបាលខេត្តកោះកុង បន្តចុះអប់រំវិធានការពារជំងឺគ្រុនឈាមនិងដាក់ថ្នាំអាលប៉ែត នៅតាមភូមិឃុំ ដើម្បីការពារសុខភាពប្រជាពលរដ្ឋឲ្យចៀសផុតពីការឆ្លងជំងឺគ្រុនឈាម ដោយសារមូលខ្លាញី ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា មន្ទីរសហការជាមួយ អាជ្ញាធរក្រុង ស្រុក និងមានការចូលរួមពីក្រុមយុវជនស្ម័គ្រចិត្តបានចុះធ្វើយុទ្ធនាការបាញ់ថ្នាំមូស ដាក់ថ្នាំសម្លាប់ដង្កូវទឹក អប់រំការសម្អាតបរិស្ថានជុំវិញផ្ទះ ដល់ប្រជាពលរដ្ឋទូទាំង៧ក្រុងស្រុក ក្នុងខេត្តកោះកុង ។

លោកថាបើទោះខេត្តកោះកុងជាមានការថយចុះ ករណីឆ្លង ជំងឺគ្រុនឈាមក៏ដោយ ប៉ុន្តែយើងនៅតែបន្តចុះអប់រំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ្នត័ខ្ពស់ជាប់ជាប្រចាំ ដើម្បីធានាប្រសិទ្ធភាពទប់ស្កាត់ការរីករាលដាលជំងឺឆ្លងនេះ ។

សំឡេង៖ យើងដាក់អាលប៉ែតនៅទីប្រជុំ ដាក់អស់៤តោនហើយ យើងមានការផ្សព្វផ្សាយអប់រំនៅតាមមណ្ឌលសុខភាព បិទស្លាកនៅតាមមន្ទីរពេទ្យ មណ្ឌល និងចុះអប់រំទៅតាមតំបន់ ភូមិ ឃុំ ពីរបៀបកាយជំរករបស់មុសខ្លា ឲ្យយល់ថាមូសខ្លាញីនៅរបៀបម៉េច មានកំប៉ុង កង់ឡាន បំបាត់ជំរកមុស នេះអ្វីដែលយើងបានផ្សព្វផ្សាយនៅតាមមណ្ឌលសុខភាព ថ្នាក់ស្រុក និងថ្នាក់ឃុំ ។
លោកវេជ្ជបណ្ឌិតបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋសង្ស័យថាមានជំងឺគ្រុនឈាន ត្រូវរួសរាន់មកកាន់ មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះភ្លាមៗ

ពីព្រោះរោគសញ្ញាជំងឺគ្រុនឈាមចាំបាច់តាមដានពិនិត្យនិងព្យាបាលអោយបានច្បាស់និងត្រឹមត្រូវ ហើយជៀសវាងការប្រើប្រាស់ថ្នាំដោយ គ្មានវេជ្ជបញ្ជាដែលឈមគ្រោះថ្នាក់រហូតដល់អាយុជីវិត។
សូមបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០នេះ ជំងឺគ្រុនឈាមនៅទូទាំងខេត្ត ត្រូវបានរកឃើញ ២៦ករណី គឺមានការថយចុះបើធៀបទៅនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដោយមានរហូតទៅដល់ ៣០០ករណី ៕