សម្តេចក្រឡាហោមណែនាំឱ្យមន្ត្រីក្រោមឱវាទចូលរួមអនុវត្ដផែនការឆ្នាំ២០២០ឱ្យទទួលជោគជ័យ

វិទ្យុជាតិកម្ពុជា៖លោកជួន បូណា

ភ្នំពេញ៖សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានណែនាំឱ្យគ្រប់នាយកដ្ឋាននីមួយៗចូលរួមអនុវត្ដតាមផែនការសកម្មភាពឆ្នាំ២០២០របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍប្រទេសជាតិ។

សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា ផែនការសកម្មភាពនេះ ជាផែនទីដ៏សំខាន់ ដើម្បីដឹកនាំគ្រប់គ្រងការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួន និងបានចាត់ទុកជាលក្ខខណ្ឌនៃការដឹកនាំ ការគ្រប់គ្រង មិនអាចខ្វះបាន។

ថ្លែងក្នុងកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែមិថុនា សម្ដេចក្រឡាហោម សង្ឃឹមថា គ្រប់អគ្គនាយកដ្ឋាននីមួយៗអនុវត្ដតាមផែនការសកម្មភាពនេះហើយ នឹងបន្តខិតខំប្រឹងប្រែង ដើម្បីកសាងអង្គភាពរបស់ខ្លួនឱ្យមានស្នាដៃកាន់តែច្រើនក្នុងការចូលរួមចំណែកគ្រប់គ្រងប្រទេសជាតិក្នុងវិស័យដែលខ្លួនទទួលខុសត្រូវ។

សម្ដេចក្រឡាហោម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងអគ្គនាយកទទួលបន្ទុកអង្គភាពនីមួយៗដែលបានខិតខំប្រឹងប្រែងរៀបចំផែនការយុទ្ធសាស្រ្ត៥ឆ្នាំ និងផែនការសកម្មភាពប្រចាំឆ្នាំនេះឡើង ដែលមានភាពប្រទាក់ក្រឡាគ្នា ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃផែនការយុទ្ធសាស្រ្តសំដៅចូលរួមគាំទ្រដល់គ្រប់កិច្ចប្រតិបត្តិការ ការគ្រប់គ្រងរដ្ឋបាលដែនដី ការថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍ។
ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថ បានលើកឡើងថា សេចក្ដីព្រាងផែនការនេះបានដាក់ចេញនូវយុទ្ធសាស្រ្តចំនួន៥ ចង្កោមសកម្មភាពចំនួន២០ សកម្មភាព១០៥ និងសូចនាករ១៥៩។
ឯកឧត្តមនាយឧត្តមសេនីយ៍ បញ្ជាក់ថា យុទ្ធសាស្រ្តទាំង៥នៃសេចក្ដីព្រាងផែនការកម្មភាពនេះ រួមមាន ការពង្រឹង និងបង្កើនប្រសិទ្ធភាពការដឹកនាំធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការ, ពង្រឹង និងបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ពង្រឹង និងបង្កើនប្រសិទ្ធភាពការងារផ្គត់ផ្គង់ភស្តុភារ និងការសិក្សាស្រាវជ្រាវឧបករណ៍បច្ចេកទេស, ពង្រឹង និងកែលម្អយន្តការការអប់រំផ្សព្វផ្សាយព័ត៌មាន និងបង្កើនប្រសិទ្ធភាពសេវាសុខាភិបាល និងការពង្រឹងគុណភាពសំណង់ និងវិស្វកម្ម៕