ទីក្រុងតេហេរ៉ង់ចង់ឱ្យប៉ូលិសអន្តរជាតិចាប់ឃុំខ្លួនលោក ត្រាំ ចំពោះការសម្លាប់ឧត្តមសេនីយ៍កំពូល Soleimani

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០​ — កាលពីថ្ងៃចន្ឬ រដ្ឋអាជ្ញាតុលាការអ៊ីរ៉ង់ លោក Ali Alqasimehr បាននិយាយថា អាជ្ញាធរយុត្តាធិការអ៊ីរ៉ង់បានទាមទារឱ្យប៉ូលិសអន្តរជាតិចេញដីកាចាប់ខ្លួនអន្តរជាតិសម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចំពោះការសម្លាប់លោកឧត្តមសេនីយ៍អ៊ីរ៉ង់ Qasem Soleimani ។

ទីភ្នាក់ងារសារព័ត៌មាន IRNA បានដកស្រង់សម្តីរបស់លោកដែលបាននិយាយថា «យើងបានកំណត់អត្តសញ្ញាណអ្នកតំណាងអាម៉េរិកចំនួន៣៦នាក់ ដោយក្នុងនោះមានលោក ដូណាល់ ត្រាំ ក៏ដូចជា [តំណាង] នៃប្រទេសដទៃទៀតដែលបានចូលរួមក្នុងការសម្លាប់លោក Qasem Soleimani»។ រដ្ឋអាជ្ញារូបនេះបាននិយាយបន្ថែមថា តុលាការបានចេញដីកាបង្គាប់ឱ្យទទួលខុសត្រូវ [របស់ជនទាំងនោះ] និងប្រកាសពីឋានៈក្រហមតាមរយៈប៉ូលិសអន្តរជាតិ។

យោងតាមរូបលោកបានឱ្យដឹងថា «បុគ្គលដែលត្រូវបានលើកឡើង ត្រូវបានចោទប្រកាន់ពីបទឃាតកម្ម និងអំពើភេរវកម្ម»។

ស្ថានការណ៍ជុំវិញអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរទៅៗ បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសទៅលើអាកាសយានដ្ឋានទីក្រុងបាកដាដកាលពីថ្ងៃទី៣ ខែមករា ដោយបានសម្លាប់ឧត្តមសេនីយ៍កំពូល លោក Qasem Soleimani ដែលជាប្រធានក្រុមឆ្មាំឥស្សរជនបដិវត្តអ៊ីរ៉ង់។ ទីក្រុងតេហេរ៉ង់ប្តេជ្ញាឆ្លើយតបយ៉ាងសាហាវទៅនឹងសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោននេះ។ កាលពីថ្ងៃទី ៨ ខែមករា អ៊ីរ៉ង់បានសងសឹកដោយបើកការវាយប្រហារដោយគ្រាប់មីស៊ីលទៅលើទីតាំងយោធាអាម៉េរិកចំនួន២ នៅក្នុងប្រទេសអ៊ីរ៉ាក់ គឺមូលដ្ឋានទ័ពអាកាសអាល់អាសាដ និងព្រលានយន្តហោះ Erbil ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)