កូរ៉េខាងត្បូង នឹងសហរដ្ឋអាមេរិក ធ្វើការយ៉ាងជិតស្និទ្ធសម្រាប់ការផ្ទេរ OPCON

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០​ — កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងត្បូង នឹងសហរដ្ឋ អាមេរិកកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធសម្រាប់គម្រោង នៃការផ្ទេរការត្រួតពិនិត្យប្រតិបត្តិការក្នុងសម័យសង្គ្រាម (OPCON) នៃកងកម្លាំងកូរ៉េខាងត្បូងពីទីក្រុងវ៉ាស៊ីនតោនទៅកាន់ទីក្រុងសេអ៊ូល។

បន្ទាប់ពីបើកកិច្ចប្រជុំក្រោមអធិបតីភាពលោក Jeong Kyeong-doo រដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូង ដើម្បីពិនិត្យមើលវឌ្ឍនភាពនៅក្នុងឆ្នាំនេះទាក់ទងនឹងការផ្ទេរ OPCON ក្រសួងនេះបាននិយាយថា ប្រទេសទាំងពីរបានបន្តការរៀបចំវាយតម្លៃសមត្ថភាពរបស់ទីក្រុងសេអ៊ូលក្នុងការចាប់យក OPCON និងដើម្បីរក្សាជំហរត្រៀមខ្លួនរឹងមាំ បើទោះបីជាមានការពន្យារពេលសមយុទ្ធនិទាឃរដូវរួមគ្នារបស់ពួកគេក៏ដោយ។

ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជាធម្មតាធ្វើសមយុទ្ធរួមធំៗចំនួនពីរដងក្នុងមួយឆ្នាំ ដើម្បីធានា និងលើកកម្ពស់ជំហរត្រៀមខ្លួនរួមគ្នា។ ប៉ុន្តែការធ្វើសមយុទ្ធនៅរដូវផ្ការីកនៅឆ្នាំនេះ ត្រូវបានដកចេញដោយគ្មានកាលកំណត់ដោយសារការរាតត្បាតមេរោគកូរ៉ូណាវីរុស។

បើទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាតក៏ដោយ ក៏ភាគីទាំងពីរនៅតែរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធដើម្បីពិភាក្សាអំពីបញ្ហាដែលមិនទាន់សម្រេចបានតាមរយៈបណ្តាញផ្សេងៗ ដូចជាកិច្ចសន្ទនាសមាហរណកម្មការពារជាតិរវាងកូរ៉េខាងត្បូង – សហរដ្ឋអាមេរិក (KIDD) និងគណៈកម្មាធិការយោធាអចិន្រ្តៃយ៍ពិសេស (SPMC) ជាដើម។

យោងតាមក្រសួងនេះបានឱ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តីបានជំរុញឱ្យកងកម្លាំងទាំងអស់ធ្វើការ «ត្រៀមលក្ខណៈយ៉ាងហ្មត់ចត់» សម្រាប់ការផ្ទេរ OPCON ដោយលោកបានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរនេះ គឺជាគន្លឹះសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពការពារជាតិរបស់កងកម្លាំងយោធា៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)