ទីប្រឹក្សាសន្តិសុខរបស់លោក មូន បានអំពាវនាវដល់កូរ៉េខាងជើង ឱ្យឆ្លើយតបទៅនឹងការអំពាវនាវរបស់កូរ៉េខាងត្បូងសម្រាប់កិច្ចសហប្រតិបត្តិការ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០​ — កាលពីថ្ងៃចន្ទ ទីប្រឹក្សាសន្តិសុខពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានអំពាវនាវឱ្យប្រទេសកូរ៉េខាងជើងចេញមក ហើយឆ្លើយតបទៅនឹងការអំពាវនាវរបស់កូរ៉េខាងត្បូងឱ្យបន្តកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ ដើម្បីកាត់បន្ថយភាពតានតឹងនាពេលបច្ចុប្បន្ន។

លោក មូន ជុងអ៊ីន ទីប្រឹក្សាពិសេសផ្នែកកិច្ចការការទូតបានធ្វើការកត់សម្គាល់ដូចនេះ ខណៈដែលទំនាក់ទំនងអន្តរកូរ៉េកាន់តែយ៉ាប់យ៉ឺនទៅៗ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានគំរាមផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយទីក្រុងសេអ៊ូលដោយកំហឹង ចំពោះការបង្ហោះខិតប័ណ្ណប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដោយអ្នករត់ចោលជួរនៅភាគខាងត្បូង។

កូរ៉េខាងជើងបានធ្វើការគំរាមកំហែងជាបន្តបន្ទាប់ អំពីការចាត់វិធានការសងសឹកប្រឆាំងនឹងទីក្រុង    សេអ៊ូល នឹងបានបំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងរួមគ្នាមួយនៅក្នុងទីក្រុងព្រំដែន Kaesong ។ ប៉ុន្តែ វោហារសាស្ត្រជាច្រើនសប្តាហ៍ត្រូវបានបញ្ឈប់កាលពីសប្តាហ៍មុន បន្ទាប់ពីមេដឹកនាំរបស់ខ្លួនលោក គីម ជុងអ៊ុន បានបញ្ឈប់ផែនការសកម្មភាពយោធាប្រឆាំងនឹងកូរ៉េខាងត្បូង។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ខ្សែកាបក្នុងស្រុក JTBC ថា «ប្រទេសកូរ៉េខាងជើងចាំបាច់ត្រូវចេញមក បន្ទាប់ពីពេលវេលាជាក់លាក់មួយ។ វាជាការសំខាន់ណាស់ដែលកូរ៉េខាងជើងឆ្លើយតបចាប់តាំងពីយើងត្រូវការស្វែងរកវិធីដើម្បីបង្វែរស្ថានភាពនេះ ខណៈដែលយើងព្យាយាមធ្វើឱ្យស្ថានការណ៍មានស្ថិរភាពដោយអត់ធ្មត់»។

លោកបាននិយាយថា «ប្រទេសកូរ៉េខាងជើងគួរតែពន្យល់អំពីការបំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងនៅ Kaesong នឹងធ្វើសកម្មភាពតាមរបៀបឆ្ពោះទៅមុខដើម្បីជម្នះនូវស្ថានភាពវិបត្តិនាពេលបច្ចុប្បន្ន»។

លោក មូន ក៏បានបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការអន្តរកូរ៉េពិតជាមានសារៈសំខាន់ណាស់ ជាពិសេសនៅក្នុងវិស័យមនុស្សធម៌ទាក់ទងនឹងសុខភាពសាធារណៈ និងជំងឺរាតត្បាតដែលបង្កឡើងដោយ មេរោគកូរ៉ូណាវីរុស ដោយលោកបានអំពាវនាវឱ្យកូរ៉េខាងជើងឆ្លើយតប ចំពោះការអំពាវនាវរបស់កូរ៉េខាងត្បូង ដើម្បីជំរុញដំណើរការសម្រាប់ជំនួយ៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)