ប្រធានាធិបតីឥណ្ឌូណេស៊ីបញ្ជាឱ្យចំណាយថវិកាឱ្យបានឆាប់រហ័ស សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០​ — ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានបញ្ជាឱ្យក្រសួងសុខាភិបាលចំណាយជាបន្ទាន់នូវថវិកាចំនួន៧៥ទ្រីលានរូពី (៥,២៦ប៊ីលានដុល្លារអាមេរិក) ដើម្បីដោះស្រាយការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ។

ថ្លែងទៅកាន់កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដើម្បីវាយតម្លៃលទ្ធផលនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមិថុនា លោកប្រធានាធិបតីរូបនេះបានអំពាវនាវឱ្យក្រសួងកាត់បន្ថយនីតិវិធី ស្មុគស្មាញដើម្បីអនុញ្ញាតឱ្យមានការចំណាយថវិកានេះជាបន្ទាន់។

យោងតាមលោកប្រធានាធិបតីបានឱ្យដឹងថា ការទាមទារពីមន្ទីរពេទ្យត្រូវតែបង់ប្រាក់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការលើកទឹកចិត្តដល់បុគ្គលិកពេទ្យ និងបុគ្គលិកមន្ទីរពិសោធន៍ ក៏ត្រូវផ្តល់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដូចគ្នា។

បទបញ្ជារបស់លោកត្រូវបានដាក់ចេញតាមប្រព័ន្ធអ៊ិនធឺណេតដោយវិមានប្រធានាធិបតី បន្ទាប់ពីវីដេអូស្តីពីការស្តីបន្ទោសជាច្រើនត្រូវបានចេញផ្សាយដែលបានបង្ហាញនូវការខឹងសម្បារ និងការខកចិត្តដែលថា មានថវិកាតែ ១,៥៣ភាគរយនៃថវិកាសរុបប៉ុណ្ណោះដែលត្រូវបានចំណាយ និងណែនាំដល់រដ្ឋមន្ត្រីសុខាភិបាល លោក Terawan Agus Putember ឱ្យពន្លឿននូវការចំណាយនោះ។

រដ្ឋាភិបាលបានត្រៀមថវិកាសម្រាប់គោលបំណងជាច្រើន រាប់ចាប់ពីការធ្វើឱ្យប្រសើរឡើងនូវមន្ទីរពេទ្យបង្អែកចំនួន១៣២នៅទូទាំងប្រទេស រហូតដល់ការផ្តល់ការលើកទឹកចិត្តដល់បុគ្គលិកសុខាភិបាលទៀតផង។

យោងតាមការសម្របសម្រួលរបស់ក្រសួងអភិវឌ្ឍន៍មនុស្ស និងវប្បធម៌ បានឱ្យដឹងថា ថវិកាចំនួន ៧៥ទ្រីលានរូពីត្រូវបានគេកំណត់សម្រាប់ការទិញឧបករណ៍វេជ្ជសាស្រ្ត បង្កើនសម្ភារៈសុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រដល់បុគ្គលិកសុខាភិបាល។

ការលើកទឹកចិត្តសម្រាប់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា មានថវិកាចាប់ពី ៥លានរូពី ទៅ ១៥លានរូពីជារៀងរាល់ខែ ខណៈដែលប្រាក់ឧបត្ថម្ភសម្រាប់ក្រុមគ្រួសារនីមួយៗនៃបុគ្គលិកសុខាភិបាលដែលបានទទួលមរណភាព គឺមានចំនួន ៣០០លានរូពី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)