សម្ដេចពិជ័យសេនា បញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ ការពារបងប្អូនប្រជាពលរដ្ឋពីគ្រោះអាសន្ននានា

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ៣០ ០៦ ២០២០

MC៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លើកឡើងថា ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ ការពារបងប្អូនពលរដ្ឋ ពីគ្រោះអាសន្ននានា ទោះក្នុងកាលៈទេសៈណាក៏ដោយ។ 

ការលើកឡើងបែបនេះរបស់សម្តេចពិជ័យសេនាទៀបាញ់បានធ្វើឡើងខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោបានប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣០ មិថុនានេះថា ជាក់ស្តែង រាជរដ្ឋាភិបាល ទើបតែបានបញ្ចេញកញ្ចប់ ថវិកាឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលរងផលប៉ះពាល់ ដោយសារមេរោគកូវីដ-១៩ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះ បានដាក់ចេញនូវកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណជាង ១០០ ប៊ីលានរៀល ឬប្រមាណ ២៥ លានដុល្លារ) ក្នុងមួយខែៗសម្រាប់បើកផ្តល់ជូនគ្រួសារក្រីក្រ ។ ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបានបើកផ្តល់នៅក្នុងសប្តាហ៍ទី ៤ នៃខែនីមួយៗ តាមរយៈធនាគារឯកទេសវីង (Wind) ដែលមានបណ្តាញភ្នាក់ងារនៅទូទាំងប្រទេស ៕