ប្រទេសថៃនឹងពន្យារពេលនៃការដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលមួយខែទៀត

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០​ — មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពជំងឺកូវីដ-១៩ របស់ប្រទេសថៃ (CCSA) បានសម្រេចពន្យារពេលនៃការដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលមួយខែទៀត រហូតដល់ថ្ងៃទី៣១ ខែកក្កដា។

ការសម្រេចនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ CCSA ដែលដឹកនាំដោយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា។

សេចក្តីសម្រេចរបស់ CCSA ត្រូវបានធ្វើឡើងនៅពេលដែលប្រទេសថៃកំពុងដំណើរការនូវដំណាក់កាលចុងក្រោយនៃការបន្ធូរបន្ថយវិធានការចាក់សោប្រទេស។ ក្នុងចំណោមកន្លែងដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនៅថ្ងៃទី១ ខែកក្កដា ដែលជាផ្នែកមួយនៃដំណាក់កាលទី៥ គឺរួមមានសាលារៀន រង្គសាល និងក្លឹបរាត្រី ក៏ដូចជាកន្លែងកម្សាន្តនានា ដូចជាបារខារ៉ាអូខេ និងហាងម៉ាស្សា និងហាងកាហ្វេ ហ្គេម និងអ៊ិនធឺណេត ដែលទាំងអស់នេះចាត់ទុកថា ជាកន្លែងដែលមានហានិភ័យខ្ពស់សម្រាប់ការ​ផ្ទុះឡើង។

ដំណាក់កាលទី១ បានចាប់ផ្តើមកាលពីថ្ងៃទី៣ ខែឧសភា ជាមួយនឹងការបើកឡើងវិញនូវសួនឧទ្យាន ភោជនីយដ្ឋាន កន្លែងកីឡាបើកចំហ និង ហាងកែសម្ផស្ស។

គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ប្រទេសថៃបានបញ្ជាក់អំពីករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៣.១៦៩ករណី ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ៥៨នាក់។

ទន្ទឹមនឹងនេះដែរ យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌូណេស៊ីបានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីបានរាយការណ៍ថា មានករណីឆ្លងមេរោគកូរ៉ូណាវីរុសថ្មីចំនួន ១.០៨២ករណីនៅថ្ងៃទី២៩ ខែមិថុនា ដែលបានធ្វើឱ្យចំនួនអ្នកឆ្លងក្នុងប្រទេសសរុបកើនឡើងដល់ ៥៥.០៩២នាក់។

ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះក៏បានកត់ត្រានូវចំនួនអ្នកស្លាប់ចំនួន ៥១នាក់បន្ថែមទៀតនៅថ្ងៃនោះ ដោយបានធ្វើឱ្យអ្នកស្លាប់សរុបដោយសារជំងឺកូវីដ-១៩ មានចំនួនដល់ទៅ ២.៨០៥នាក់ ដែលជាចំនួនខ្ពស់បំផុតនៅអាស៊ីបូព៌ាក្រៅពីប្រទេសចិន។

ចំនួនករណីឆ្លងជំងឺកូវីដ-១៩ នៅប្រទេសហ្វីលីពីន បានកើនឡើងដល់ ៣៦.៤៣៨នាក់ បន្ទាប់ពីក្រសួងសុខាភិបាលបានរាយការណ៍ថា មានអ្នកឆ្លងថ្មីចំនួន ៩៨៥នាក់បន្ថែមទៀតកាលពីថ្ងៃទី២៩ ខែមិថុនា៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)