៥ខែដើមឆ្នាំ២០២០នេះ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលបានថវិកាវិភាគទានធ្លាក់ចុះបានតែ៣០ភាគរយប៉ុណ្ណោះ ដើម្បីទ្រទ្រង់មន្ទីរពេទ្យ

វិទ្យុជាតិកម្ពុជា  អត្ថបទលោកអេង យូ

MC តំណាងមន្ទីរពេទ្យកុមារអង្គរ ខេត្ដសៀមរាប បានអំពាវនាវដល់សប្បុរសជនជាតិ និងអន្ដរជាតិ បន្តជួយឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យនេះ ដើម្បីមានលទ្ធភាពទទួលពិនិត្យ និងព្យាបាលជំងឺកុមារបន្ថែមទៀត ខណៈដែលម្ចាស់ជំនួយនៅក្រៅស្រុក និងក្នុងស្រុកកន្លងមកមានការធ្លាក់ចុះ ដោយសារជំងឺកូវីដ១៩។ អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមបានរាយការណ៍ឲ្យដឹងថា ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសដែលមន្ទីរពេទ្យកុមារអង្គរទទួលមូលនិធិជាង៤ម៉ឺនដុល្លា ពីក្រុមហ៊ុនរ៉ូយអ៊ីនហ្វីនីធីខូលិធីឌី កាលពីពេលថ្មីៗនេះ។

លោកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យទំនាក់ទំងសាធារណៈប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសមានការធ្លាក់ចុះគួរអោយព្រួយបារម្ភ ពោលចាប់ពីខែមករា ដល់ខែឧសភាឆ្នាំ២០២០នេះ ការរៃអង្គាសប្រាក់សម្រាប់ទ្រទ្រង់មន្ទីរពេទ្យកុមារនេះ បានប្រមាណតែ៣០ភាគរយប៉ុណ្ណោះ ដោយសារបញ្ហរីករាលដាលនៃជំងឺកូវីដ១៩។លោកស្រីបានបន្ដថា បើគិតរយៈ៥ខែដូចគ្នា កាលពីឆ្នាំ២០១៩កន្លងមក មន្ទីរពេទ្យកុមារអង្គរទទួលថវិកាពីសប្បុរសជនបានរហូតដល់៥០ភាគរយ ដែលធ្វើអោយមន្ទីរពេទ្យត្រូវកាត់បន្ថយការចំណាយថវិកាប្រចាំឆ្នាំជាង៦លាន៥សែនដុល្លាមកនៅត្រឹមជាង៥លាន៩សែនដុល្លាក្នុងមួយឆ្នាំវិញ ។

សំឡេង៖ថវិការដែលយើងទទួលពីបរទេសមានការធ្លាក់ចុះច្រើន ហើយនៅក្នុងប្រទេសក៏មានការធ្លាក់ជាងពីឆ្នាំមុខៗ ដោយតែការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងក៏ដូចជាសប្បុសជននៅក្រៅប្រទេស កាត់បន្ថយនៅការផ្តល់ជំនួយពិសេសប្រជាពលរដ្ឋខ្មែរយើងតែម្តងគាត់មានការសន្សំសំចៃ ដោយគាត់គិតថាមុននិងគាត់បរិច្ចាកគាត់ត្រូវជួយខ្លួនឯកសិន អញ្ចឹងហើយការស្វែងរកថវិការរបស់មន្ទីរពេទ្យកុមារអង្គរមានការប្រែប្រួលខ្លាំង ហើយព្រឹត្តិការណ៍ជាច្រើនរបស់មន្ទីរពេទ្យកុមារអង្គរត្រូវបានលុបចោល ដោយសារតែយើងអត់អាចប្រមូលម្តុំមនុស្សបាន ដោយសារតែច្បាប់រាជរដ្ឋាភិបាលយើងបានកំណត់មិនឲ្យមានការប្រមូលម្តុំ ហើយការធ្វើការរៃអង្គាសយើងធ្វើបានតែតាមអនឡាញ។

ជាពលរដ្ឋមួយរូបក្នុងចំណោមពលរដ្ឋជាច្រើនទៀត អ្នកស្រីគឹមស្រស់ រស់នៅក្នុងក្រុងសៀមរាប ដែលធ្លាប់យកកូនមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមន្ទីរពេទ្យកុមារអង្គរនេះ បានបង្ហាញថា មន្ទីរពេទ្យកុមារអង្គរបានជួយព្យាបាលនិងសម្រាលជីវភាពកុមារក្រីក្របានច្រើន ដោយសារតែការព្យាបាល ពុំបានយកវិការឡើយ។ 

សំឡេង៖ សូមបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលគាត់មានជាថវិកាដើម្បីចូលរួមជាវិភាគទាន ឬក៏ខាងក្រុមហ៊ុន សហគ្រិនធំៗគេបានជួយឧបត្ថមខ្ញុំពិតជាមានការត្រេកអរមានទាន ហើយកន្លងមកខ្ញុំក៏ធ្លាប់បានជួយឧបត្ថមដែរហើយពិតជាមានការព្រួយបារម្ភមែនទែនបើសិនជាមន្ទីរពេទ្យហ្នឹងមានការខ្វះខាតកាន់តែខ្លាំទៅថ្ងៃអនាគត់ ព្រោះកូនៗកម្ពុជាយើងផ្អែកទៅលើមន្ទីរនេះ ហើយកូនៗដែលគាត់មានការខ្វះខាតត្រូវការមន្ទីរពេទ្យដែលព្យាបាលដែលអត់អស់ថវិកា។

សូមជម្រាបថា មន្ទីរពេទ្យកុមារអង្គរគឺជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលមានបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាគ្រប់រូប។ មន្ទីរពេទ្យកុមារអង្គរបានផ្តល់នូវការយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារកម្ពុជា ប្រកបដោយក្តីមេត្តាករុណា អស់រយៈពេលជាង២០ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៩ រហូតដល់បច្ចុប្បន្ននេះ ដែលត្រូវចំណាយជាង៦លានដុល្លាក្នុងមួយឆ្នាំ៕