អាស៊ាន និងអូស្រ្តាលី ពិភាក្សាគ្នាអំពីការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ តាមរយៈសន្និសីទវីដេអូ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០​ — យោងតាមរដ្ឋមន្រ្តីការបរទេសនៃប្រទេសកម្ពុជាបានឱ្យដឹងថា បណ្តារដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអូស្រ្តាលី គ្រោងនឹងចូលរួមសន្និសីទវីដេអូពិសេសមួយ ស្តីពីជំងឺកូវីដ-១៩ នៅថ្ងៃទី៣០ ខែមិថុនានេះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃទី២៩ ខែមិថុនា ក្រសួងនេះបាននិយាយនៅក្នុងកិច្ចប្រជុំថា រដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្រ្តាលី នឹងចែករំលែកបទពិសោធន៍ និងការអនុវត្តល្អបំផុតទៅលើវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតនេះ។

ពួកគេក៏នឹងពិភាក្សាគ្នាអំពីវិធីដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងប្លុកនេះ និងអូស្រ្តាលីលើគ្រប់វិស័យផងដែរ សម្រាប់ផលប្រយោជន៍ទៅវិញទៅមក ក្នុងគ្រាអាសន្នផ្នែកសុខភាព​ សាធារណៈ និងការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា កិច្ចប្រជុំនេះនឹងគូសបញ្ជាក់អំពីទិសដៅនាពេលអនាគតសម្រាប់កិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងគ្រាដ៏លំបាកនៃការប្រឈមដែលមិនធ្លាប់មានពីមុនមក ដែលបណ្តាលមកពីវិបត្តិសុខភាព។

នៅពេលមុននេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ដែលដឹកនាំដោយនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែមិថុនា ក្នុងទម្រង់ជាសន្និសីទវីដេអូ ដែលក្នុងនោះប្រទេសជាសមាជិកអាស៊ានបានបង្ហាញនូវការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងពន្លឿននៃការស្តារឡើងវិញនៃសង្គម-សេដ្ឋកិច្ចនៅក្នុងតំបន់។

ក្រុមអាស៊ានរួមមាន ប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង វៀតណាម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)