កីឡាលើកទម្ងន់ស្ថិតក្នុងប្រភេទកីឡាបម្រុងការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ “CAMSOC”បានសម្រេចដាក់១៣ប្រភេទកីឡាត្រៀមបម្រុងបញ្ជូលសម្រាប់ការប្រកួតSEA GAMES 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតក្នុងនោះក៏មានប្រភេទកីឡាលើកទម្ងន់មួយផងដែរ។
យោងតាមតារាងកំណត់សហព័ន្ធកីឡាជាតិប្រចាំឆ្នាំ២០២០ សម្រាប់ត្រៀមបញ្ជូលក្នុងកម្មវិធីការប្រកួត SEA GAMES 2023លើកទី៣២ ប្រទេសកម្ពុជាត្រៀមដាក់កីឡា៣២ប្រភេទចូលរួម និង ១៣ ប្រភេទកីឡាត្រៀមបម្រុងបញ្ជូនដោយបែងចែកចេញជា៣ចំណុចធំៗ រួមមានកីឡា១៧ប្រភេទស្ថិតក្នុងប្រភេទកីឡាមានសក្តានុពលនិងមានប្រជាប្រិយខ្ពស់ ហើយកីឡា១៥ប្រភេទស្ថិតក្នុងប្រភេទកីឡាមានសក្តានុពលមធ្យម និង កីឡា១៣ ប្រភេទ ស្ថិតក្នុងប្រភេទកីឡាមានសក្តានុពលទាប ក៏ជាកីឡាត្រៀមបម្រុងដែរ។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES 2023លើកទី៣២ “CAMSOC” បានសម្រេចដាក់១៣ប្រភេទកីឡា ត្រៀមបម្រុងបញ្ជូលការប្រកួត SEA GAMES 2023 ក្រោយពីកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ក្នុងនោះមានកីឡាលើកទម្ងន់មួយដែរ ក៏ត្រូវបញ្ជូនអត្តពលិកចេញទៅហ្វឹកហាត់នៅប្រទេសចិនកាន់តែល្អប្រសើរ ដើម្បីពង្រឹងគុណភាពបច្ចេកទេសរបស់អត្តពលិកជម្រើសជាតិកម្ពុជាឆ្ពោះទៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
លោកសំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ក៏បានប្រាប់ឲ្យដឹងដែរថា សហព័ន្ធបានត្រៀមកីឡាករ-កីឡាការិនីរួចជាស្រេច សម្រាប់ចេញទៅហ្វឹកហាត់នៅប្រទេសចិន ។ មិនតែត្រឹមប៉ុណ្ណោះ សហព័ន្ធកំពុងត្រៀមបញ្ជូនកីឡាករ-កីឡាការិនី៣នាក់ ចេញទៅហ្វឹកហាត់ប្រទេសកូរ៉េខាងត្បូង ត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិករដូវរងារ ២០២២ នៅទីក្រុងប៉េកាំងប្រទេសចិនផងដែរ៕