សម្តេចតេជោបានអៈអាងថាអាជីវកម្មអចលនទ្រព្យនៅតែដំណើរការជាធម្មតានៅក្នុងប្រទេសកម្ពុជា

វិទ្យុជាតិកម្ពុជា៖


MC៖ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអៈអាងថាអាជីវកម្មអចលនទ្រព្យនៅតែដំណើរការជាធម្មតានៅក្នុងប្រទេសកម្ពុជា ដោយសារតែប្រជាពលរដ្ឋ នៅតែមានលទ្ធភាពទិញលំនៅឋាន នៅតាមគម្រោងសាងសង់លំនៅឋាននានា បើទោះជាមានការរីករាលដាលជំងឺកូវីដ១៩ ក៏ដោយ។
យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោដែលបានបង្ហោះផ្សាយនៅថ្ងៃទី៣០ ខែមិថុនា នេះបានសរសេរថា ទោះបីជាបញ្ហាជំងឺកូវីដ-១៩ បានបង្ករនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាក៏ពិតមែន ប៉ុន្តែឃើញថាបងប្អូនប្រជាពលរដ្ឋ អាជីវករក្នុងប្រទេសកម្ពុជានៅតែបន្តខិតខំប្រឹងប្រែងក្នុងមុខរបររបស់ខ្លួនជាធម្មតា។
ក្នុងនោះអាជីវកម្មលក់ផ្ទះទិញផ្ទះនៅតែបន្តដដែល គ្រាន់តែមិនដាច់ខ្លាំងដូចកាលពីមុន ហើយបច្ចុប្បន្ននេះ លំនៅដ្ឋានបែប shophouse កំពុងតែពេញនិយមសំរាប់ការធ្វើអាជីវកម្មមានពេលបច្ចុប្បន្នផងដែរ។
សម្តេចតេជោធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុនធំៗ ដែលសម្តេចបានជួប បានលើកឡើងថា ការលក់គម្រោងលំនៅឋាននានា នៅតែមាន គ្រាន់តែមានចំនួនតិចជាងមុនបន្តិចប៉ុណ្ណោះ ដែលនេះ បានឆ្លុះបញ្ចាំងថាប្រជាជនខ្មែរនៅមានលទ្ធភាពទិញផ្ទះ ទោះបីមានវិបត្តិកូវីដ១៩។
អ្នកជំនាញក្នុងវិស័យអចលទ្រព្យបានឲ្យដឹងថា ក្នុងដំណាក់កាលកូវីដ ១៩ គឺជាពេលវេលាល្អសម្រាប់វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារតែតម្លៃនៅសមរម្យល្អ ចំណែកឯការលក់ចេញវិញនឹងចំណេញដោយស្វ័យប្រវត្តិ បន្ទាប់ពីស្ថានភាពកូវីដ ១៩ គ្រាន់បើឡើងវិញ។
នេះបើយោងតាម ឧកញ៉ា នួន ឫទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Appraisal Foundation (KFA) ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានក្នុងស្រុកជុំវិញប្រធានបទ៖ «វិស័យអចលនទ្រព្យកម្ពុជា មុនពេល ក្នុងពេល និងក្រោយពេលជំងឺកូវីដ១៩» កាលពីពេលថ្មីៗនេះ។
លោកឧកញ៉ា បានឲ្យដឹងថា វិបត្តិកូវីដនេះមិនមែនជាវិបត្តិមួយដែលអូសបន្លាយយូរទេ ដូច្នេះអ្នកវិនិយោគត្រូវតែត្រៀមរួចជាស្រេចទាំងស្មារតី ទាំងសមត្ថភាព និងលទ្ធភាព ដើម្បីបន្តការវិនិយោគលើវិស័យអចលនទ្រព្យនេះបន្តទៀត៕