មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបបន្តអនុវត្តនគម្រោងជួសជុលផ្លូវលំជនបទចំនួន១១ខ្សែនៅក្នុងឆ្នំា២០២០នេះ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធៀង ស្រីមុំ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០

MC៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបបន្តអនុវត្តនគម្រោងជួសជុលផ្លូវលំជនបទចំនួន១១ខ្សែនៅក្នុងឆ្នំា២០២០នេះ ដើម្បីសម្រួលដល់ការធ្វើដំណើរនៅមូលដ្ឋាន។
អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមធ្វើសេចក្តីរាយការណ៍បន្ថែម៖
មន្រ្តីអភិវឌ្ឍន៍ជនបទខេត្តសៀមរាបបានឲ្យដឹងថា គម្រោងជួសជុលផ្លូវលំជនបទទំាងន១១ខ្សែនេះ មានប្រវែង ១៣៨គីឡូម៉ែត្រ ក្នុងនោះជួសជុលផ្លូវបេតុង លក្ខណៈជាខួបចំនួនពីរខ្សែ មានប្រវ៉ែងសរុបជាង២៥គីឡូម៉ែត្រ គម្រោង ជួសជុលបន្តនៅក្នុងស្រុកស្រីស្នំ មានប្រវែងជាង ១៥គីឡូម៉ែត្រ និងគម្រោងជួសជុលផ្លូវគ្រួសក្រហមចំនួន៨ខ្សែ មានប្រវ៉ែងសរុប៩៨គីឡូម៉ែត្រ ក្នុងនោះចំនួនបួនខ្សែ និងកែលំអពីផ្លូវគ្រួសក្រហមទៅជាផ្លូវកៅស៊ូមានប្រវ៉ែងសរុប៧៩គីឡូម៉ែត្រនិងបញ្ចប់នៅក្នុង២០២១។
លោកសោ ប៊ុនធី ប្រធានការិយាល័យផ្លូវជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបបានលើកឡើងថា ដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមកប្រចាំថ្ងៃ មន្ទីរអភិវឌ្ឍន៍ជនបទបានខិតខំក្នុងការកែលំអនិងជួសជុលផ្លូវថ្នល់ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ទៅតាម ផែនការសំខាន់ៗមួយចំនួនដូចជា ការថែទាំជាប្រចាំរយៈពេល៣ឆ្នាំ ការជួសជុលជាលក្ខណៈខួប ការជួសជុលជាបន្ទាន់ដោយសារគ្រោះធម្មជាតិ និងគម្រោងកែលម្អពីផ្លូវក្រាលគ្រួសក្រហមមកជាផ្លូវកៅស៊ូឬផ្លូវបេតុងជាដើម។
សំឡេង៖ទីមួយការជួសជុលខួបគឺយើងធ្វើទៅលើផ្លូវគ្រួសក្រហមរយៈពេលបីឆ្នាំ ក្រោយពីការ សាងសង់ហើយគឺយើងមានការថែទាំប្រចាំគឺយើងថែទាំរាល់ឆ្នាំ គឺលុបជង្ហុក ដើម្បីដំណើរការ ប្រើប្រាស់ មានសុវត្ថិភាព ឬដើម្បីការពារកុំអោយងាយរងការខូចខាត បីឆ្នាំក្រោយយើងធ្វើការ ជួសជុល មួយទៀតគឺការជួសជុលបន្ទាន់ គឺយើងធ្វើនៅពេលមានទឹកជំនន់ យើងធ្វើការ តភ្ជាប់ផ្លូវ អោយដំណើការឡើងវិញ ហើយកម្មវិធីទីបួនក្រសួងមានកម្មវិធីមួយទៀតគឺការកែលំអផ្លូវជនបទ គឺយើងកែលំអពីផ្លូវគ្រួសក្រហមឲ្យទៅជាកៅស៊ូឬបេតុង។
លោកបានសំណូមពរទៅកាន់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួម ក្នុងការថែរក្សាផ្លូវថ្នល់ដែលបានធ្វើការជួសជុលរួចរាល់ដើម្បីជៀងវៀងការខូចខាតជាដើម។
សូមជម្រាបផងដែរថាការជួសជុលនិងកែលំអផ្លូវថ្នល់នៅក្នុងខេត្តសៀមរាប មានស្ថាប័ន សំខាន់ៗ ចំនួនបួនទទួលខុសត្រូវ គឺមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា៕