អត្តពលិកជម្រើសជាតិជនពិការត្រៀមខ្លួនចូលហ្វឹកហាត់វិញ បន្ទាប់ពីសម្រាកអស់រយៈពេលជាង៥ខែ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជា បានអញ្ជើញកីឡាករកីឡាការិនីរបស់ខ្លួន ប្រមាណជាង១០០នាក់ ដែលហ្វឹកហាត់កីឡាប្រមាណ១០ប្រភេទ មកជួបជុំគ្នានៅមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ដើម្បីផ្ដល់នូវព៌តមានសំខាន់ៗ និងជាពិសេស ពីពេលវេលានៃការចូលមកហ្វឹកហាត់ឡើង វិញក្នុងជំរុំប្រមូលផ្ដុំ ក្រោយពីពួកគេត្រូវបានរំសាយអស់ពេលជាច្រើនខែដោយ សារវិបត្តិនៃមេរោគកូរ៉ូណា ។
លោកយី វាសនា អគ្គលេខាធិការគ ណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបញ្ជាក់ថា ដោយសារមានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងក្រសួងអប់រំយុវជននិង កីឡា គ្រប់ប្រភេទកីឡាទាំងអស់ដែលមានប្រមាណ១០ប្រភេទ មានអត្តពលិកចំនួន ១២៥នាក់ និង គ្រូបង្វឹក១០នាក់ នឹងត្រូវវិលចូលក្នុងជំរុំហ្វឹកហាត់វិញ ដោយចាប់ ផ្ដើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ រហូត ដល់ដំណាច់ឆ្នាំ ។
លោកបន្ដថា ក្នុងចំនួននេះ ខាងក្រសួងអប់រំបានផ្ដល់ប្រាក់ឧបត្ថម្ភថវិកាប្រចាំខែ ក្នុងពេលហ្វឹកហាត់សម្រាប់កីឡាករ ៤០ នាក់និង គ្រូបង្វឹក១០នាក់ប៉ុណ្ណោះ ប៉ុន្ដែ ដើម្បីឲ្យអត្តពលិកចូលរួមហាត់បានច្រើន គណៈកម្មាធិការប៉ារ៉ាឡាំពិកម្ពុជា បាន សម្រេចដោយឯកភាព ឲ្យអត្តពិកលិកធ្វើ ការហ្វឹកហាត់ទាំងអស់គ្នា និងបែងចែកថវិកាទាំងនោះឲ្យបានគ្រប់គ្នា ។
លោកបន្ថែមថា កីឡាករកីឡាការិនីទាំងអស់ត្រូវខិតខំហ្វឹកហាត់បង្កើតសមត្ថ ភាពបច្ចេកទេសឲ្យបានខ្លាំងក្លា ត្រៀម លក្ខណៈឲ្យបានល្អប្រសើរ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសវៀតណាមឆ្នាំ ២០២១ និង ត្រៀមក្នុងដំណើរឆ្ពោះទៅរៀបចំទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៕