ប្រតិភូរដ្ឋសភាកម្ពុជាបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រោះថ្នាក់គ្រឿងញៀន (AIPACODD) តាមរយៈប្រព័ន្ធ Video Conference

វិទ្យុជាតិម្ពុជា វ៉ាង ភក្តី ២៩ ០៦ ២០២០

  1. ប្រតិភូរដ្ឋសភាកម្ពុជាបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រោះថ្នាក់គ្រឿងញៀន (AIPACODD) តាមរយៈប្រព័ន្ធ Video Conference នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ។

ឯកឧត្ដម ហ៊ូ ស្រ៊ី សមាជិកក្រុមរដ្ឋសភាជាតិអាយប៉ា-កម្ពុជា និងជាអនុប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ជាអ្នកដឹកនាំប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំនេះ ដែលសភាប្រទេសវៀតណាមជាម្ចាស់ផ្ទះ។

រដ្ឋសភាកម្ពុជាមិនខុសពីសមាជិកដទៃទៀតទេ បានសម្តែងការព្រួយបារម្ភលើនិន្នានៃការប្រើប្រាស់គ្រឿងញៀន និងការជួញដូរគ្រឿងញៀន ចេះតែរីកធំឡើង ពិសេសការលេចចេញនូវការប្រើប្រាស់ថ្នាំសំយោគ (ATS) ការបង្កើននូវចំនួនកន្លែងផលិតឱសថសំយោគ ។

ឯកឧត្តម ហ៊ូ ស្រ៊ី បានចែករំលែកនូវព័ត៌មានមួយចំនួនពាក់ព័ន្ធគ្រឿងញៀននេះ ដល់កិច្ចប្រជុំ។ ឯកឧត្តម បានលើកឡើងថា ក្រុមគោលដៅ ដែលមានហានិភ័យខ្ពស់ ពីការជួញដូរគ្រឿងញៀន មានដូចជាពលករចំណាកស្រុកខុសច្បាប់ ទាំងក្នុង និងក្រៅស្រុក កម្មករសំណង់ អ្នកបើកឡានដឹកទំនិញ អ្នកបោះបង់ចោលសាលារៀន នៅតែមានលទ្ធភាពតិចតួច ក្នុងការទទួលបានសារអំពីការទប់ស្កាត់សំខាន់ៗ។ ឯកឧត្តមបញ្ជាក់ថា ចំណុចស្នូលសម្រាប់ការអប់រំផ្សព្វផ្សាយ ជាពិសេសសម្រាប់ក្រុមគោលដៅខាងលើ មិនទាន់ត្រូវបានបណ្តុះបណ្តាល និងរៀបចំឱ្យបានពេញលេញនៅឡើយទេ។

ប្រតិភូរដ្ឋសភាកម្ពុជាបានលើកឡើងបន្ថែមថា អ្នកញៀនថ្នាំខ្លះ នៅតែមិនស្ម័គ្រចិត្ត ស្វែងរកសេវាព្យាបាល និងស្តារនីតិសម្បទា ដែលអាចបណ្តាលមកពីការខ្មាស់អៀន និងភ័យខ្លាចការរើសអើង ឬកង្វះការយល់ដឹង អំពីការព្យាបាល និងការស្តារនីតិសម្បទា ក៏ដូចជាកម្មវិធីសមាហរណកម្ម។ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅតែបន្តកើតមាន នៅទីតាំងមួយចំនួន ដូចជាផ្ទះអ្នកជួលសេវាកម្សាន្ត និងតំបន់ស្មុគស្មាញមួយចំនួន ដែលពិបាកនឹងឈានដល់ការបង្ក្រាប។
កិច្ចប្រជុំបានទទួលស្គាល់ថា ការបង្រ្កាបការជួញដូរគ្រឿងញៀនជាបញ្ហារួម និងបានលើកឡើងថា​ ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសជាសកលនេះ គេត្រូវអនុវត្តផែនការសកម្មភាពទូលំទូលាយ និងពហុវិជ្ជាសម្រាប់ផ្សព្វផ្សាយ ការបង្ការគ្រឿងញៀន ដល់ស្ថាប័នពាក់ព័ន្ធបានជួយបង្កើនការយល់ដឹងឲ្យកាន់តែច្បាស់ អំពីគ្រោះថ្នាក់នៃគ្រឿងញៀន ក្នុងចំណោមប្រជាពលរដ្ឋ។

កិច្ចប្រជុំបានបេ្តជ្ញាចិត្តជំរុញរដ្ឋសមាជិក បង្កើនការយល់ដឹងពីគ្រោះថ្នាក់គ្រឿងញៀន ដល់ពលករ ដែលងាយរងគ្រោះដូចជាពលករចំណាកស្រុក កម្មករស៊ីឈ្នួល និងអ្នកបើកឡានដឹកទំនិញជាដើម។

សូមជម្រាបថា សមាជិកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ អាយប៉ា ស្តីពីគ្រោះថ្នាក់គ្រឿងញៀន (AIPACODD) មានរដ្ឋសភាកម្ពុជា ប្រ៊ុយណេ ឡាវ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ វៀតណាម មីយ៉ាន់ម៉ា ការិយាល័យគ្រឿងញៀនអាស៊ាន (ASOD=Asean Senior officals on drug ) ការិយាល័យអង្គការសហប្រជាជាតិសម្រាប់គ្រឿងញៀន (United Nation office drugs and crime លេខាធិការដ្ឋានអាយប៉ា។ សភាប្រទេសសង្ហឹបូរី ដែលជាសមាជិករបស់អាយប៉ាដែលនោះ មិនបានចូលរួមកិច្ចប្រជុំនេះ៕