ជំនួបពិភាក្សាការងារ ​អំពីផលប៉ះពាល់នៃមេរោគកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ​២០២០

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ​ លោក KANATA Tomohiro និងលោក HIROSE Atsushi ជាលេខាទីមួយ និងលោក HIROSE Atsushi ជាលេខាទីពីរអមស្ថានទូត ចូល​ជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារនាថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០

ជំនួបនេះធ្វើឡើងក្នុង​គោលបំណងដើម្បីពិភាក្សាអំពីផលប៉ះពាល់នៃមេរោគកូវីដ-១៩ ទាក់ទងនឹងការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការនៅកម្ពុជា ការផ្លាស់ប្ដូរទស្សនៈ ទៅវិញទៅមកស្ដីអំពីផលប៉ះពាល់មេរោគកូវីដ-១៩ ស្តីពីការអនុវត្តគម្រោងរបស់ សាធារណរដ្ឋប្រជាមានិតចិន និងរបាយការណ៍ពីភាគីជប៉ុនទាក់ទងនឹង គម្រោង កំពង់ផែក្រុងព្រះសីហនុផងដែរ។

នៅក្នុង​ឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីដំណើរការរលូននៃ គម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៥ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងសាងសង់ ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ និង២២ និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនផ្សេងទៀត ក្នុងអំឡុងពេលដែលពិភពលោកកំពុងទទួលរងនូវការឆ្លងរាតត្បាតនៃមេរោគកូវីដ-១៩ ដែលក្នុងនោះរួមមានកម្ពុជាផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរាជទូតបានសម្តែងការកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសមត្ថភាពអាចគ្រប់គ្រង និងបង្ការការរាតត្បាតនៃមេរោគ កូវីដ-១៩ បានយ៉ាងមានប្រសិទ្ធភាព ដោយគិតរហូតមកទល់ពេលនេះកម្ពុជា ទទួលបានតែករណីនាំចូលពីខាងក្រៅប៉ុណ្ណោះ

ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាទូតក៏បានស្នើឱ្យឯកឧត្តមទេសរដ្ឋមន្ត្រីពិចារ ណាលើ ការបន្ធូរបន្ថយវិធានការ និងការបង្ការមេរោគកូវីដ-១៩ ចំពោះមន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុនដែលត្រូវមកបំពេញការងារលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រីបាន​មានប្រសាសន៍ថានឹងលើកបញ្ហានេះទៅ ក្រសួងសុខាភិបាល ដើម្បីពិចារណាលទ្ធភាពបន្ធូរបន្ថយការអនុវត្តវិធានការ និងការបង្ការ មេរោគកូវីដ-១៩នៅកម្ពុជា ដើម្បីឱ្យមន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុនអាចមកបំពេញការងារនៅកម្ពុជាដោយគ្មានភាពរាំងស្ទះ

ដោយ ទេស ច័ន្ទសុធារី