ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្រ្ដាលី ស្ដីពីជំងឺឆ្លងកូវីដ-១៩ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៣០ ខែមិថុនា

វិទ្យុជាតិកម្ពុជា៖

MC៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្រ្ដាលី ស្ដីពីជំងឺឆ្លងកូវីដ-១៩ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។ 

យោងតាម សេចក្ដី ប្រកាស ព័ត៌មាន របស់ ក្រសួង ការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ  ដែល បាន ចេញ ផ្សាយ នៅ ថ្ងៃទី ២៩  ខែ មិថុនា ឆ្នាំ ២០២០នេះ បានឲ្យដឹងទៀតថាកិច្ចប្រជុំនេះ នឹងដឹកនាំដោយសហប្រធានប្រទេសម៉ាឡេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី នាពេលបច្ចុប្បន្ន និងប្រទេសអូស្រ្ដាលី។

 រដ្ឋមន្រ្តីការបរទេសអាស៊ាន និងអូស្រ្ដាលី នឹងចែករំលែកគ្នាទៅវិញទៅមកនូវបទពិសោធន៍ និងឧត្តម្មានុវត្តន៍ អំពីវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតបជំងឺរាតត្បាតជាសកល។ រដ្ឋមន្រ្តីការបរទេសទាំងអស់ ក៏នឹងពិភាក្សាអំពីវិធីសាស្រ្តនានាដើម្បីពង្រឹងបន្ថែមទៀតភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានផលប្រយោជន៍រួមគ្នា ជាពិសេស កិច្ចសហប្រតិបត្តិការ ជាក់ស្តែងនៅក្នុងគ្រោះអាសន្នសុខភាពសាធារណៈ និងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។

សូម បញ្ជាក់ ថា  កិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូនេះ នឹងក្លាយជាព្រឹត្តិការណ៍ថ្មីសំខាន់មួយទៀតក្នុងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ប្រទេសអូស្រ្តាលី ដើម្បីរៀបចំទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការទៅវិញទៅមក ចំពេលវេលាដ៏លំបាក និងមមាញឹក ដោយសារតែបញ្ហា ប្រឈមជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន៕