ក្រសួងព័ត៌មានជំរុញឲ្យគ្រប់ប្រព័ន្ធផ្សព្វផ្សាយត្រូវផ្សាយពីការដាំដុះដំណាំកសិកម្មគ្មានជាតិគីមី

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី  ២៩ មិថុនា ២០២០

MC៖ ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយ ត្រូវរួមសហការគ្នា ផ្សព្វផ្សាយឲ្យបានទូលំទូលាយ ពីការដាំដុះដំណាំកសិកម្មគ្មានជាតិគីមី ដើម្បីលើកកម្ពស់ការដាំដុះដំណាំដែលមានសុវត្ថិភាព មិនប៉ៈពាល់សុខភាព ដែលបម្រើសេចក្តីត្រូវការអ្នកបរិភោគក្នុងស្រុកផង និងនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិផង។

នៅក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញដល់ក្រុមការងារផ្សព្វផ្សាយ ទាំងទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ត្រូវរួមសហការគ្នាក្នុងការសរសេរអត្ថបទ និងថតរូបភាព ឲ្យបានច្រើន ដើម្បីចូលរួមជួយផ្សព្វផ្សាយ អោយបានស៊ីជម្រៅ ដល់ប្រជាជន ជាពិសេសប្រជាកសិករ បានយល់ច្បាស់ពីការដាំដុះដំណាំកសិកម្ម និងការដាំដុះបន្លែ ផ្លែឈើ ដោយប្រើជីធម្មជាតិ ដែលមានអនាម័យ និងគ្មានជាតិគីមី ឲ្យស្របតាមស្តង់ដារបច្ចេកទេស ខណៈដែរផលិតផលទាំងនោះ អាចនាំចេញទៅលក់នៅក្នុងទីផ្សារក្រៅប្រទេសបានទៀតផង ។

   ជាមួយនេះ ឯកឧត្តម ក៏បានឲ្យក្រុមការងារផ្សព្វផ្សាយទាំងអស់ ត្រូវថតផ្សាយពីការរៀបចំសួនច្បារ នៅក្នុងតំបន់អង្គរវត្ត ការរៀបចំសោភណ្ឌ័ភាព នៅកន្លែងលក់ដូរខាងមុខអង្គរ ការរៀបចំកែលំអរ ជួសជុលប្រាង្គប្រាសាទបុរាណនានា រួមទាំងការស្តារស្រះស្រង់ ក៏ដូចជាគម្រោងរៀបចំកែលំអរ សម្រាប់សណ្ឋាគារធំៗ នៅក្នុងខេត្តសៀមរាបផងដែរ ។  

ឯកឧត្តម រដ្ឋមន្រ្តី ក៏បានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ផ្នែកពាក់ពន្ធ័ បន្តអនុវត្តន៍អោយបាននូវផែនការ និងសកម្មភាពការងារនានារបស់ក្រសួងព័ត៌មាន ហើយធ្វើកិច្ចសហការល្អ ជាមួយគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ដើម្បីពន្លឿនការងារផ្សព្វផ្សាយនេះ ឲ្យបានឆាប់រហ័ស ។  ឯកឧត្តម បានសំដែងនូវការកោតសរសើរផងដែរ ចំពោះលទ្ធផលការងាររបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់ផ្នែក គ្រប់ជំនាញទាំងអស់ ដែលបានប្រឹងប្រែង រួមសហការគ្នា សម្រេចបានលទ្ធផលការងារជាច្រើន ក្នុងរយៈពេលកន្លងមកនេះ ៕