ភ្នំបឹងនិងភ្នំទំព័រក្នុងខេត្តពោធិ៍សាត់កំពុងក្លាយទៅជាតំបន់ទេសចរណ៍បែបផ្សងព្រេងដ៏ពេញនិយម

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 29.06.2020

Mc ៖ ភ្នំបឹងនិងភ្នំទំព័រក្នុងខេត្តពោធិ៍សាត់ កំពុងក្លាយទៅជាតំបន់ទេសចរណ៍បែបផ្សងព្រេងដ៏ពេញនិយមបំផុត ដោយសារមានទេសភាពស្រស់ស្អាតដែលទាក់ទាញដល់ភ្ញៀវទេសចរ ។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍………………………………

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ភ្នំទាំងពីរនេះ ពោរពេញទៅដោយទេសភាពស្រស់ត្រកាល សម្រាប់អ្នកចូលចិត្តធ្វើទេសចរណ៍បែបផ្សងព្រេង ដោយមានព្រៃក្រាស់ៗធំៗនិងការលេងទឹកកម្សាន្តនៅលើខ្នងភ្នំ ។

លោកបានបន្តថា តំបន់ទេសចរណ៍ទាំងពីរនេះ ត្រូវបានរៀបចំឲ្យមានជាសហគមន៍រួចរាល់ហើយ ដោយមានអ្នកនាំផ្លូវ ការបម្រើសេវាម្ហូបអាហារ ជាដើម ហើយសំរាប់ភ្ញៀវទេសចរ៥នាក់ត្រូវមានអ្នកនាំផ្លូវម្នាក់ ដោយក្នុង១ក្រុមត្រូវមានសមាជិកចាប់ពី១៥នាក់ឡើងទៅ ដោយត្រូវមានអ្នកនាំផ្លូវយ៉ាងតិច៥នាក់ ។

លោកបន្ថែមថា សំរាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមានបំណងចង់ទៅលេងកម្សាន្តនៅតំបន់ទេសចរណ៍បែបផ្សងព្រេងនេះនឹងទទួលបាននូវអារម្មណ៍ប្លែកអស្ចារ្យជាមួយទេសភាពក្នុងរដូវវស្សានេះ ។

សំឡេង ៖ ភ្ញៀវជាតិនិងអន្តរជាតិដែលមានបំណងចង់ឡើងភ្នំទេសចរណ៍ផ្សងព្រេងដែលហៅថាអេកូទេសចរណ៍នេះ គឺទី១ ភ្នំទំព័រ នៅឃុំប្រមោយ ស្រុកវាលវែង។ ចឹងបើឲ្យលោក លោកស្រីអញ្ជើញទៅស្រុកនេះគឺឃើញភ្នំនេះអណ្តែតតែម្ដងនៅទីរួមស្រុក ហើយមានចម្ងាយ៨គីឡូម៉ែត្រពីទីរួមស្រុកនេះ  ដោយមានសហគមន៍មានការរៀបចំជាផ្លូវការគ្រប់គ្រាន់អត់មានបញ្ហាអ្វីទេ យើងមើលទៅទេសភាពខាងក្រោមយើងមើលឃើញមួយស្រុកវាលវែងទាំងមូល ហើយទី២ គឺភ្នំបឹងគឺនៅឃុំអូរសោម ដោយឡើងភ្នំទៅយើងមានឃើញទេសភាពទឹកដូចសមុទ្រអញ្ចឹងនៅក្នុងរដូវវស្សានេះ ។

សូមបញ្ជាក់ថា ភ្នំទំព័រស្ថិតនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងភ្នំបឹង ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលភ្នំទាំងពីរនេះមានទេសភាពមិនចាញ់គ្នានោះឡើយ ៕