ដើមក្ងោកនិងដើមសាគូរ៉ាជាង១០០០ដើមត្រូវបានដាំអមសងខាងផ្លូវឆ្ពោះទៅកាន់ប្រាសាទបន្ទាយស្រី

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៩.០៦.២០២០

MC ដើមក្ងោកនិងដើមសាគូរ៉ាជំទង់ៗជាង១០០០ដើម ត្រូវអាជ្ញាធរស្រុកបន្ទាយស្រីបានចាប់ផ្តើមយកទៅដាំនៅអមសងខាងផ្លូវ ចេញពីភូមិព្រះដាក់ឆ្ពោះទៅកាន់ប្រាសាទបន្ទាយស្រីក្នុងស្រុកបន្ទាយស្រីខេត្តសៀមរាប ដើម្បីកែលម្អសោភ័ណភាព ស្រស់បំព្រងនៅតាមដងផ្លូវ ។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍………….

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីនៃខេត្តសៀមរាប បានឲ្យដឹងថា ការដាំដើមក្ងោកនិងដើមសាគូរ៉ានេះ ជាផ្នែកមួយរួមចំណែកក្នុងយុទ្ធនាការ «២០២០បន្ទាយស្រីស្អាត» ដើម្បីបង្កើនភាពទាក់ទាញរឹតតែខ្លាំងឲ្យស័ក្តិសមជាស្រុកទេសចរណ៍ ដែលមានភ្ញៀវទេសចររាប់លាននាក់ឆ្លងកាត់ផ្លូវនេះពីមួយឆ្នាំទៅមួយឆ្នាំ ។

លោកបានបន្តថា ដើមក្ងោក ដើមសាគូរ៉ានេះ មានការឧបត្ថម្ភពីសំណាក់ប្រជាពលរដ្ឋដែលស្រលាញ់ធម្មជាតិ ជាពិសេសគឺមានបំណងចង់បង្កើនសោភណ័ភាពតំបន់នេះ ឲ្យមានភាពទាក់ទាញកាន់តែច្រើនពីសំណាក់ភ្ញៀវទេសចរ ។

សំឡេង ៖« ការផ្ដល់ជូនមករដ្ឋបាលស្រុកនេះក្នុងហេតុផល ពាក់ព័ន្ធនឹងយុទ្ធនាការដាំកូនឈើ ជាពិសេសគឺការដាំដើមផ្កានៅក្នុងស្រុកបន្ទាយស្រីរបស់យើង ហើយគោលដៅមិនចាកឆ្ងាយអ្វីខ្លាំងអំពីការរៀបចំដើម្បីឲ្យស្រុកមានសោភ័ណភាព ព្រោះថានៅកន្លែងហ្នឹងយើងផ្តោតខ្លាំងទៅលើដើមផ្កា ដោយសារតាមពិតទៅនៅក្នុងទីប្រជុំជនស្រុកបន្ទាយស្រីដើមឈើមានច្រើនហើយ គ្រាន់តែយើងត្រូវការសម្អាតរៀបចំឲ្យមានរបៀបរបប ហើយយើងគិតថា នឹងបន្ថែមជាមួយដើមផ្កាឲ្យបានច្រើនថែមទៀត ហើយក្នុងនោះ អ្នកដែលជាផ្នែកធំរបស់គម្រោងយើង គាត់បានផ្ដល់ជាដើមធំៗតែម្ដង ហើយនឹងមានអ្នកផ្សេងទៀតមានដើមតូចធំផ្សេងៗទៀតរាប់ពាន់ដើម »។

សូមបញ្ជាក់ថា ការដាំដើមក្ងោកនិងដើមសាគូរ៉ានេះ មានការចូលរួមពីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប យុវជនស.ស.យ.កខេត្ត យុវជនស្ម័គ្រចិត្ត មន្ត្រីរាជការនៅក្នុងស្រុក ប្រជាការពារ និងជាពិសេសមានការចូលរួមពីប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះផ្ទាល់ផងដែរ។ សំរាប់ការចូលរួមរបស់ប្រជាជនទាំងអស់ពិតជាចាំបាច់ណាស់ ដើម្បីជួយស្រោចទឹក ដាក់ជី ថែរក្សា ក៏ដូចជាជួយសម្អាត ជម្រះស្មៅ ដាំផ្កាបន្ថែមផងដែរ ៕