គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបង្កើនសមត្ថភាពដល់កងប្រតិបត្តិការរុករកសង្គ្រោះពេលមានឧប្បទ្ទវហេតុ

វិទ្យុជាតិកម្ពុជា ៖លោកជួន បូណា ២៩ ០៦ ០២០


MC៖គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្កើន សមត្ថភាព ដល់កងប្រតិបត្តិការរុករកសង្គ្រោះពេលមានឧប្បទ្ទវហេតុ ដើម្បីធានាការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធខ្ពស់។
ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ថា ការបណ្ដុះបណ្ដាល នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់កងប្រតិបត្តិការរុករកសង្គ្រោះ កាន់តែមានជំនាញ និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីត្រៀមលក្ខណៈឆ្លើយតបទាន់ពេលវេលាក្នុងឧបទ្ទវហេតុផ្សេងៗកើតមានឡើង។
ថ្លែងក្នុងពិធី បើកវគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធបញ្ជាឧប្បទ្ទវហេតុ និងការប្រគល់សម្ភារសម្រាប់កងប្រតិបត្តិការរុករកសង្គ្រោះចំនួន ១៥មុខ ដល់កងអន្តរាគមន៍ទាំង៦នៅទីបញ្ជាការដ្ឋានកងពលតូចទ័ពពិសេសឆត្រយោង ៩១១ នាព្រឹកថ្ងៃទី២៩ ខែមិថុនានេះ ឯកឧត្តមនាយឧត្តមសេនីយ៍បញ្ជាក់ថា កងទ័ពការងាររុករក និងសង្គ្រោះជន រងគ្រោះក្នុងឧប្បទ្ទវហេតុ ពិសេសឧប្បទ្ទវហេតុបាក់ស្រុតអគារ ឬធ្លាក់យន្តហោះជាដើម គឺពិតជាពិបាក ដែលទាមទារឱ្យក្រុមសង្គ្រោះមានការហ្វឹកហាត់ត្រឹមត្រូវ មានភាពអត់ធ្មត់ ម្ចាស់ការ និងមានសម្ភារគ្រប់គ្រាន់ ។
ឯកឧត្តមបន្ថែមថា ការពង្រឹងសមត្ថភាពដល់ កងប្រតិបត្តិការរុករកសង្គ្រោះ ឱ្យមានជំនាញ និងសមត្ថភាពបន្ថែមទៀតនេះ បន្ទាប់ពីកម្ពុជា បានធ្លាប់រងគ្រោះថ្នាក់ នៃការបាក់រលំអគារ នាពេលកន្លងមក ជាពិសេស គ្រោះមហន្តរាយនៅលើពិភពលោក ក៏ដូចជានៅកម្ពុជា មានការប្រែប្រួលគួរអោយកត់សម្គាល់។
សូមបញ្ជាក់ថា នៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០នេះ នៅកម្ពុជា បានរងគ្រោះថ្នាក់នៃការបាក់រលំអគារ នៅក្រុងព្រះសីហនុ ក្រុងសៀមរាប និងនៅខេត្តកែប ដែលបានបង្ករឱ្យប្រជាពលរដ្ឋបានរងបួស និងស្លាប់ផងដែរ៕