ផែនការគ្រោងទទួលភ្ញៀវទេសចរជាង៧លាននាក់នៅឆ្នាំ២០២០នេះត្រូវបានលើកទៅឆ្នាំ២០២៥ឯណោះវិញ

វិទ្យុជាតិកម្ពុជា៖ ដោយ​ លោក​ ហុក​ សុខរិន​

MC៖ ឯកឧត្តមថោង ខុង រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឲ្យដឹងថា ផែនការគ្រោងទទួលភ្ញៀវទេសចរជាង៧លាននាក់នៅឆ្នាំ២០២០នេះ ត្រូវបានលើកទៅឆ្នាំ២០២៥ឯណោះវិញ ដោយសារវិបត្តិនៃការ រីករាលដាល់នេះជំងឺកូវីដ១៩។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា តាមការវាយតម្លៃពីអ្នកជំនាញសម្រាប់ជំងឺកូវីដ-១៩ វានឹងធ្វើអោយសេដ្ឋកិច្ចលើពិភពលោកថយ ៧ឆ្នាំ ហើយសម្រាប់ប្រទេសកម្ពុជានឹងថយ៥ឆ្នាំផងដែរ ។ ដូច្នេះមានន័យថា បើមិនមានជំងឺកូវីដ-១៩ទេ កម្ពុជា នៅឆ្នាំ២០២០នេះនឹងទទួលភ្ញៀវទេសចរណ៍ចំនួន៧លាននាក់ តែចំនួននេះអាចទទួលបាននៅឆ្នាំ២០២៥ឯណោះ។
ការបញ្ជាក់បែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត បទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ជំហានទី១ សម្រាប់ដំណាក់ កាលវិបត្តិជំងឺកូវីដ-១៩(Covid-19 )និងផែនការអនុវត្តបន្ត នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ទោះបីជាវិស័យទេសចរណ៍កម្ពុជាបាននឹងកំពុងទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិនៃជំងឺកូវីដ១៩ ក៏ដោយ យើងសង្កេតឃើញនូវសញ្ញាណវិជ្ជមានមួយចំនួន គិតចាប់ពីដើមខែឧសភាមកគឺមានភ្ញៀវទេសចរជាង ៤៥ម៉ឺននាក់ចេញដើរទស្សនានៅទូទាំងប្រទេស ក្នុងកំណើនប្រមាណ ៧.២៤ភាគរយ ធៀបនឹងរយៈពេល០៣សប្តាហ៍នៃខែឧសភា កន្លងមក។ កត្តានេះបញ្ជាក់ថា ភ្ញៀវទេសចរក្នុងស្រុកនៅតែបន្តកើនឡើងជាបន្តបន្ទាប់ គិតចាប់ពីចុងខែមេសាមកម៉្លេះ។
ដោយឡែកសម្រាប់រាជធានីភ្នំពេញក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៧៧៥ ៧៥០នាក់ ថយចុះ ៤៦.២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។
ឯកឧត្តមថោង ខុនបញ្ជាក់ទៀតថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនេះ ពិតជាបានបង្ករផលប៉ះពាល់ជាច្រើនដល់ប្រតិបត្តិករទេសចរណ៍ ។ ជាក់ស្តែង គិតត្រឹម ខែឧសភា ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍បិទ និងបិទបណ្ដោះអាសន្នសរុប២ ៩៥៦ទីតាំង និងមានបុគ្គលិកបម្រើការងារផ្ទាល់ សរុប ៤៥ ៤០៥នាក់។ ប៉ុន្តែសម្រាប់គោលដៅរាជធានីភ្នំពេញមិនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងដូចគោលដៅទេសចរណ៍ធំៗផ្សេងទៀតឡើយ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំ ដោយមិនឲ្យជួបជុំ ការបិទអាជីវកម្ម ក្លឹបកំសាន្ត ខារ៉ាអូខេ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញក៏បានចុះជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន ។

ឯកឧត្តមបានសន្យាថារដ្ឋបាលរាជធានីភ្នំពេញនិងសហការជាមួយក្រសួងទេសចរណ៍ដើម្បីធ្វើការសម្របសម្រួលធ្វើយ៉ាងណាអាចឲ្យពួកគាត់ដំណើរការបើកអាជីវកម្មបាន ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរាជរដ្ឋាភិបាលនិងរាជធានីភ្នំពេញផងដែរ។
សូមបញ្ជាក់ថា រាជធានីភ្នំពេញ មានមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន៣៦០ទីតាំង បានបិទដំណើរការអាជីកម្មនិងបិទជាបណ្ដោះអាសន្ន ទៅតាមការណែនាំរបស់ក្រសួងនិងស្ថាប័នជំនាញ៕