យ៉ាងហោចណាស់សមាជិកតាលីបង់ ៥នាក់បានស្លាប់នៅក្នុងការបំផ្ទុះមួយ នៅខេត្តភាគអាគ្នេយ៍នៃប្រទេសអាហ្វហ្គានីស្ថាន

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០​ — កាលពីថ្ងៃអាទិត្យ មន្រ្តីប៉ូលិសក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់សមាជិក ៥នាក់នៃក្រុមតាលីបង់បានស្លាប់នៅក្នុងការបំផ្ទុះមួយនៅក្នុងខេត្ត Paktia ភាគអាគ្នេយ៍នៃប្រទេសអាហ្វហ្គានីស្ថាន។

យោងតាមប្រធានមន្រ្តីប៉ូលិសខេត្តបានឱ្យដឹងថា ការផ្ទុះនេះបានកើតឡើងខណៈដែលក្រុមសកម្មប្រយុទ្ធកំពុងផ្ទេរគ្រាប់មីនពីតំបន់ Bar Ghoreza ទៅទីក្រុង Gardez។

ប្រភពសន្តិសុខម្នាក់បាននិយាយក្នុងលក្ខខណ្ឌអនាមិកថា នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយកាលពីយប់មិញនេះ ប៉ុស្តិ៍ត្រួតពិនិត្យមួយនៅភាគខាងត្បូងទីក្រុង Tirin Kot រដ្ឋធានីនៃខេត្ត Uruzgan ត្រូវបានវាយប្រហារដោយពួកសកម្មប្រយុទ្ធតាលីបង់។ ការវាយប្រហារនេះបានធ្វើឱ្យមេបញ្ជាការរងនៃកង វរសេនាតូចម្នាក់ត្រូវបានសម្លាប់ និងមន្រ្តីប៉ូលិស ៦នាក់បានរងរបួស។

ក្រុមសកម្មប្រយុទ្ធតាលីបង់មិនទាន់បានធ្វើអត្ថាធិប្បាយណាមួយអំពីឧប្បត្តិហេតុនេះនៅឡើយទេ។

ចលនានេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Majid Khan មេដឹកនាំកុលសម្ព័ន្ធមកពីខេត្ត Zabul បានកាត់ផ្តាច់ទំនាក់ទំនងជាមួយរដ្ឋាភិបាល នឹងបានចូលរួមជាមួយក្រុមតាលីបង់។ ទោះជាយ៉ាងណាក៏ដោយ លោក Gul Islam Sial អ្នកនាំពាក្យរបស់អភិបាលខេត្តបាននិយាយថា លោក Khan មិនមានការងារនៅក្នុងរដ្ឋាភិបាលទេ ហើយលោកគ្រាន់តែជាព្រឹទ្ធាចារ្យកុលសម្ព័ន្ធម្នាក់ដែលផ្លាស់ពីទីក្រុងទៅភូមិ Khawazo ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់តាលីបង់តែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ លោក Farid Dehqan អ្នកនាំពាក្យទីបញ្ជាការប៉ូលិស Kunar បាននិយាយថា អង្គភាពពិសេសមួយបានបើកប្រតិបត្តិការនៅពេលយប់នៅក្នុងស្រុក Sarkani នៃខេត្ត Kunar នឹងបានឃាត់ខ្លួនសមាជិក ៤នាក់នៃក្រុមភេរវករ Daesh ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)