មនុស្ស ២នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារមួយនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០​ — សារព័ត៌មាន New York Times បានរាយការណ៍ដោយយោងតាមមន្រ្តីនៅមន្ទីរពេទ្យថា យ៉ាងហោចណាស់មានមនុស្ស ២នាក់បានស្លាប់ និង ៤នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារមួយកាលពីថ្ងៃសៅរ៍នៅឯមជ្ឈមណ្ឌលចែកចាយ Walmart ក្នុងទីក្រុង Red Bluff (រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក)។

យោងតាមសារព័ត៌មាននេះបានឱ្យដឹងថា ជនមិនស្គាល់អត្តសញ្ញាណម្នាក់បានបើកបររថយន្តពណ៌សមួយគ្រឿងជ្រុលចូលទៅក្នុងច្រកចូលនៃមជ្ឈមណ្ឌលចែកចាយនោះ។ និយោជិកម្នាក់ គឺលោក Franklin Lister បានប្រាប់សារព័ត៌មាននេះថា លោកទើបតែបានប្តូរវេនរបស់គាត់។ មិត្តរួមការងាររបស់លោក ឈ្មោះ Scott Thammakhanty បាននិយាយថា គាត់បានឮសំឡេងកាំភ្លើង ហើយបានឃើញមនុស្ស និងបុគ្គលិក ផ្សេងៗទៀតរត់ចេញ។ នៅពេលពួកគេកំពុងរត់នោះ លោក Lister បាននិយាយថា ពួកគេបានឮស្នូរបាញ់កាំភ្លើងពី ៥០ ទៅ ៦០គ្រាប់។

ភ្នាក់ងារសង្គ្រោះបន្ទាន់បានប្រាប់កាសែត The Record Searchlight ដែលជាកាសែតមួយនៅទីក្រុង Redding រដ្ឋកាលីហ្វ័រញ៉ាថា ក្រុមមន្រ្តីបានបាញ់សម្លាប់ខ្មាន់កាំភ្លើងចំទ្រូងនៅវេលាម៉ោងប្រមាណ ៣:៤៥នាទីរសៀល ម៉ោងក្នុងស្រុក (១:៤៥នាទីព្រឹកថ្ងៃអាទិត្យ ម៉ោងនៅទីក្រុងមូស្គូ) បន្ទាប់ពីការបាញ់ប្រហារបានចាប់ផ្តើមប្រហែល ១៥នាទី។

យោងតាមមន្រ្តីមួយរូបបានឱ្យដឹងថា មនុស្ស ៤នាក់ផ្សេងទៀតបានរងរបួសក្នុងពេលបាញ់ប្រហារនោះស្ថិតក្នុងស្ថានភាពនឹងនរនៅឡើយទេ។

ទីក្រុង Red Bluff ស្ថិតនៅចម្ងាយ ២១០គីឡូម៉ែត្រភាគខាងជើងទីក្រុង Sacramento ដែលជាមជ្ឈមណ្ឌលរដ្ឋបាលនៃរដ្ឋកាលីហ្វ័រញ៉ា ដែលមានប្រជាជនរស់នៅប្រមាណ ១៤.០០០នាក់៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)