ប្រទេសរុស្ស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់វ៉ាក់សាំង និងឱសថ សម្រាប់ជំងឺកូវីដ-១៩ទៅកាន់ទីផ្សារពិភពលោក

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០​ — កាលពីថ្ងៃអាទិត្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាលរុស្ស៊ី លោក Mikhail Murashko បាននិយាយថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់ឱសថប្រឆាំងនឹងមេរោគ ប្រព័ន្ធតេស្ត និងវ៉ាក់សាំងទៅកាន់ទីផ្សារសកលលោក ដែលកំពុងមានហានិភ័យនៃរលកទីពីរនៃការឆ្លងមេរោគកូរ៉ូណាវីរុស។

លោក Murashko បាននិយាយនៅក្នុងកិច្ចប្រជុំកំពូល «គោលដៅពិភពលោក៖ រួបរួមគ្នាសម្រាប់អនាគត» ថា «ចាប់តាំងពីថ្ងៃដំបូងមក ប្រទេសរុស្ស៊ីបានផ្តល់ជំនួយដល់បណ្តាប្រទេសនៅអឺរ៉ុប អាម៉េរិក និងអាស៊ី វិទ្យាស្ថានអន្តរជាតិ រួមទាំងអង្គការសហប្រតិបត្តិការសៀងហៃ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី និងអង្គការសុខភាពពិភពលោក។ ចំពោះហានិភ័យនៃរលកទីពីរនៃការរាតត្បាតជំងឺកូវីដ-១៩ ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់ដល់ទីផ្សារសកលលោកនូវមធ្យោបាយ នៃសកម្មភាពប្រឆាំងនឹងមេរោគនេះដោយផ្ទាល់ ដែលរួមមានឱសថព្យាបាល ប្រព័ន្ធធ្វើតេស្ត និងវ៉ាក់សាំងការពារ»។

លោករដ្ឋមន្ត្រីរូបនេះបាននិយាយថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចសន្ទនាជាមួយអង្គការអន្តរជាតិ និងអង្គការសាធារណៈនានា ដោយអំពាវនាវឱ្យមានការសម្របសម្រួលការស្រាវជ្រាវ និងផលិតនូវផលិតផលវេជ្ជសាស្រ្ត។ លោក Murashko បាននិយាយថា «ប្រទេសរុស្ស៊ីកំពុងអភិវឌ្ឍ និងផលិតឱសថសម្រាប់ព្យាបាលជំងឺកូវីដ-១៩ និងប្រព័ន្ធធ្វើរោគវិនិច្ឆ័យ»។

គំនិតផ្តួចផ្តើមនៃ «គោលដៅសកលលោក៖ រួបរួមសម្រាប់អនាគត» បានផ្តោតសំខាន់ទៅលើការផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនឱសថធំៗ ដែលកំពុងផលិតវ៉ាក់សាំងដោយមូលនិធិនេះត្រូវបានប្រមូលនៅក្នុងព្រឹត្តិការណ៍ និងការលើកកម្ពស់វិធីសាស្រ្តលោកខាងលិច ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាដាលនៅក្នុងរដ្ឋកំពុងអភិវឌ្ឍន៍។ សន្និសីទរយៈពេល២ម៉ោងនេះត្រូវបានចាក់ផ្សាយតាមប្រព័ន្ធអ៊ីនធើណិតនិងបណ្តាញ សង្គម និងមានការចូលរួមពីប្រមុខរដ្ឋ និងរដ្ឋាភិបាលនានា៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)