ទីក្រុងសេអ៊ូលពង្រីកទំនាក់ទំនងជាមួយទីក្រុងប៉េកាំង និងតូក្យូ ក្នុងការដឹកជញ្ជូនតាមសមុទ្រចំពេលដែលមានជំងឺរាតត្បាត

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០​ — កាលពីថ្ងៃអាទិត្យ ប្រទេសកូរ៉េខាងត្បូងបាននិយាយថា ខ្លួនគ្រោងនឹងជំរុញចំណងទាក់ទងជាមួយប្រទេសជិតខាងក្នុងវិស័យដឹកជញ្ជូនតាមសមុទ្រ ដើម្បីយកឈ្នះទៅលើបញ្ហាប្រឈមនានាដែលបណ្តាល មកពីជំងឺរាតត្បាត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឆ្លាត និងលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមិនទាក់ទង។

យោងតាមក្រសួងមហាសមុទ្រ និងជលផលកូរ៉េខាងត្បូងបានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូងនឹងចូលរួមនៅក្នុងកិច្ចប្រជុំនិម្មិត្តថ្នាក់រដ្ឋមន្រ្តី ស្តីពីភ័ស្តុភារ ដែលគ្រោងធ្វើនៅថ្ងៃចន្ទនេះ ហើយគ្រោងនឹងស្នើសុំប្រទេសចិន និងជប៉ុន ដើម្បីពង្រឹងទំនាក់ទំនងឧស្សាហកម្មដឹកជញ្ជូនតាមសមុទ្រ ដើម្បីទប់ទល់នឹងការរីករាលដាលនៃវីរុសនេះ។

រដ្ឋមន្រ្តីក្រសួងនេះ លោក Moon Seong-hyeok បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន កំពុងរីករាយនឹងកំណើនសេដ្ឋកិច្ចតាមរយៈជំនាញ និងកិច្ចសហប្រតិបត្តិការដែលភ្ជាប់ដោយភ័ស្តុភារសមុទ្រ»។

លោកបាននិយាយបន្ថែមថា «ប្រទេសទាំងបីនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីយកឈ្នះលើការរីករាលដាលនៃជំងឺកូវីដ-១៩ និងរក្សាបាននូវលំហូរភ័ស្តុភារថេរ»។

ប្រទេសនេះក៏មានបំណងបង្កើតទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅជាមួយទីក្រុងប៉េកាំង និងទីក្រុងតូក្យូផងដែរ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាឆ្លាតដើម្បីត្រួតពិនិត្យនាវានៅពេលឆ្លងកាត់ ដើម្បីបន្ថយការទាក់ទងដោយផ្ទាល់ទុល់មុខគ្នា ខណៈដែលកំពុងមានការជំរុញកិច្ចអភិវឌ្ឍនាវាបើកបរដោយខ្លួនឯង។

ក្រសួងនេះគ្រោងនឹងស្នើសុំប្រទេសចិន និងជប៉ុន ឱ្យផ្តល់ការបញ្ចុះតម្លៃទៅលើថ្លៃកំពង់ផែ ដើម្បី គាំទ្រដល់ប្រតិបត្តិករសាឡាងដឹកអ្នកដំណើរដែលមានបញ្ហានៅតំបន់អាស៊ីឦសានផងដែរ៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)