ជប៉ុនប្រឆាំងជំទាស់ទៅនឹងគំនិតរបស់លោក ត្រាំ ក្នុងការបន្ថែមកូរ៉េខាងត្បូងទៅក្នុង G7

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០​ — កាលពីថ្ងៃអាទិត្យ សារព័ត៌មានក្យូដូបានរាយការណ៍ថា ប្រទេសជប៉ុនបានផ្តល់ដំណឹងដល់សហរដ្ឋអាមេរិកអំពីការប្រឆាំងរបស់ខ្លួនចំពោះគំនិតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការពង្រីកក្រុមប្រទេស G7 ដោយដាក់បញ្ចូលប្រទេសកូរ៉េខាងត្បូង។

កាលពីចុងខែឧសភា លោក ត្រាំ បានបង្កើតគំនិតនៃការបន្ថែមប្រទេសកូរ៉េខាងត្បូង រួមជាមួយអូស្រ្តាលី ឥណ្ឌា និងរុស្ស៊ី ចូលទៅកាន់ត្រកូល G7 ដោយសារតែសមាជិកភាពបច្ចុប្បន្ន គឺ «ហួសសម័យ» ហើយខកខានមិនបានបង្ហាញអំពីស្ថានភាពរបស់ពិភពលោកឱ្យបានត្រឹមត្រូវ។

សមាជិកដែលមានស្រាប់នៅក្នុង G7 គឺរួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន។

ដោយបានដកស្រង់ពីប្រភពនានា ភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍ថា ប្រទេសជប៉ុនបានបង្ហាញការជំទាស់ភ្លាមៗបន្ទាប់ពីលោក ត្រាំ បានលើកឡើងអំពីទស្សនវិស័យនេះ ដោយបាននិយាយថា ប្រទេសកូរ៉េខាងត្បូងមិនស្ថិតក្នុងស្ថានភាពជាប់គាំងជាមួយសមាជិក G7 អំពីបញ្ហាចិន និងកូរ៉េខាងជើងនោះទេ។

យោងតាមសារព័ត៌មានក្យូដូបានឱ្យដឹងថា បន្ទាប់មក រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រាប់មន្ត្រីជាន់ខ្ពស់ជប៉ុនដែលបានផ្ញើសារថា លោក ត្រាំ នឹងធ្វើការសម្រេចចិត្តចុងក្រោយអំពីបញ្ហានេះ។

ទីភ្នាក់ងារសារព័ត៌មាននេះក៏បានរាយការណ៍ផងដែរថា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi បាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍មួយថា «វាមានសារៈសំខាន់ក្នុងការរក្សាក្របខ័ណ្ឌ G7 ដោយខ្លួនឯង ហើយខ្ញុំជឿជាក់ថា នេះគឺជាការមូលមតិគ្នាជាទូទៅ»។

នៅពេលសួរអំពីជំហររបស់ខ្លួនចំពោះការឆ្លើយតបរបស់ជប៉ុនដែលត្រូវបានរាយការណ៍នោះ មន្ត្រីនៃក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបាននិយាយយ៉ាងសាមញ្ញថា «រាល់ការផ្លាស់ប្តូររចនាសម្ព័ន្ធ G7 គឺស្ថិតនៅក្រោមការពិភាក្សាក្នុងចំណោមប្រទេសជាសមាជិកបច្ចុប្បន្ន។ យើងដឹងថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិនិត្យមើលឡើងវិញអំពីករណីនេះ»។

សមាជិកសភាគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចនៅកូរ៉េខាងត្បូង លោក Song Young-gil បានសំដែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe សម្រាប់ «ទង្វើមិនទទួលខុសត្រូវ» របស់លោក។

ទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូនៅតែស្ថិតក្នុងកម្រិតទាបបំផុតក្នុងប្រវត្តិសាស្រ្ត និងសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ រដ្ឋាភិបាលទីក្រុងសេអ៊ូលបានស្វាគមន៍ចំពោះការផ្តល់ជូនរបស់លោក ត្រាំ ៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)