សេដ្ឋកិច្ចនៃប្រទេសហ្វីលីពីនត្រូវបានព្យាករណ៍ថា នឹងប្រឈមនិងវិបត្តិ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០​ — លោក Benjamin Diokno អភិបាលនៃធនាគារកណ្តាលនៃប្រទេសហ្វីលីពីន (Bangko Sentral ng Pilipnas (BSP))  បាននិយាយថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសហ្វីលីពីនទំនងជានឹងថយចុះពី ៥,៧ ទៅ ៦,៧ភាគរយនៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២០ ដែលខ្ពស់ជាងការធ្លាក់ចុះ ០,២ភាគរយនៅក្នុងត្រីមាសទី ១ ។

លោកបាននិយាយថា ការធ្លាក់ចុះចំនួន ២ ត្រីមាសជាប់គ្នានៃផលិតផលក្នុងស្រុកសរុបនេះ ដោយសារតែផលប៉ះពាល់ពេញលេញនៃការបិទទ្វារប្រទេសយ៉ាងតឹងរឹង ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីនមានការធ្លាក់ចុះ។

លោក Diokno បានសង្កត់ធ្ងន់ថា ផលប៉ះពាល់អវិជ្ជមាននៃវិបត្ដិជំងឺកូវីដ-១៩ គឺអាក្រក់ជាងអ្វីដែលបានទាយទុកជាមុន។

អ្នកគ្រប់គ្រងសេដ្ឋកិច្ចតាមរយៈគណៈកម្មាធិការសម្របសម្រួលថវិកាអភិវឌ្ឍន៍ ( DBCC ) បានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះនឹងធ្លាក់ចុះពី ២ ទៅ ៣,៤ភាគរយនៅក្នុងឆ្នាំនេះ ពីអត្រាកំណើន ៦ភាគរយកាលពីឆ្នាំមុន។

កាលពីមុន ក្រុមហ៊ុន S&P Global Ratings បានប្រកាសពីការធ្លាក់ចុះផលិតផលក្នុងស្រុកសរុប ៣ភាគរយ ជំនួសឱ្យ ០,២ភាគរយនៅក្នុងឆ្នាំនេះ បន្ទាប់ពីប្រទេសហ្វីលីពីនបានអនុវត្តវិធានការបិទទ្វារប្រទេសដ៏យូរបំផុតមួយរបស់ពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ទន្ទឹមនឹងនេះដែរ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់អត្រា GDP របស់ប្រទេសហ្វីលីពីនមកនៅត្រឹម ៣,៦ភាគរយវិញ ជំនួសឱ្យកំណើន ០,៦ភាគរយនៅក្នុងឆ្នាំនេះ ដោយសារគេមើលឃើញថា សេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ៤,៩ភាគរយ ជំនួសឱ្យ ៣ភាគរយ ដោយសារជំងឺរាតត្បាត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)